បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយធ្វើអត្តឃាតចងក នៅនឹងផ្ទោងក្នុងបន្ទប់ស្នាក់ដេករបស់ខ្លួន ស្ថិតក្នុងភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទីព្រឹក ។
តាមប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតឈ្មោះ ខាន់ ទិន អាយុ៣៦ឆ្នាំ នៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា តាមការឲ្យដឹងពីក្រុមគ្រួសារ បុរសរូបនេះគាត់បានកើតជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយមើលមិនជា ។ ដោយមានចរិតកាច ខ្លាចបង្កបញ្ហាលើអ្នកដទៃក្នុងភូមិ ឪពុកម្តាយ បានសម្រេចចិត្តធ្វើបន្ទប់ឲ្យបុរសនេះនៅដាច់ដោយឡែកម្នាក់ឯង មានបន្ទប់ដេក បន្ទប់អនាម័យស្រេចក្នុងនោះ មិនឲ្យចេញក្រៅ ។ បន្ទប់ដែលបុរសនោះនៅធ្វើជិតផ្ទះឪពុកម្តាយនោះផងដែរ ។ លុះនៅវេលាម៉ោង០៥និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ម្តាយរបស់បុរសនេះ បានដើរទៅមើលកូនក៏ប្រទះឃើញកូនស្លាប់ដោយចងកនឹងផ្ទោងក្នុងបន្ទប់តែម្តង ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍បានសហការជាមួយមន្ត្រីពេទ្យមណ្ឌលសុខភាពផ្គាំ ទាំងមេភូមិ មេឃុំ ចុះទៅពិនិត្យលើខ្លួនសាកសពពុំឃើញមានស្លាកស្នាមអ្វីទេក្រៅពីស្នាមចង.កនោះទេ ។
គ្រូពេទ្យបានសន្និដ្ឋានថា បុរសនេះស្លាប់ដោយសារធ្វើអត្តឃាតដោយហែកក្រណាត់ខោចងកភ្ជាប់នឹងផ្ទោងបន្ទប់ដែលខ្លួនដេកនៅ ៕
មតិយោបល់