ភ្នំពេញៈ យុវជនមួយក្រុម មានគ្នា៥ទៅ៦នាក់ ជួបជុំគ្នាផឹកស៊ីច្រៀងរាំសប្បាយនៅក្នុងផ្ទះ ក៏មានយុវជនមួយក្រុមទៀត មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ២គ្រឿងមានគ្នា៦នាក់ ក្នុងល្បឿនលឿនកាត់មុនផ្ទះ កើតហេតុក៏មានបក្ខពួកជនរងគ្រោះ បានស្រែកអោយបក្ខពួកជនបង្កថា (ពួកហ្អែងជិះម៉ូតូលឿនម៉េសហ្អា) ធ្វើអោយក្រុមជនបង្កខឹង ក៏ជិះម៉ូតូត្រលប់មកវិញ ដោយប្រដាប់ដោយដាវ និងកាំបិតគ្រប់ដៃចូលកាប់ក្រុមជនរងគ្រោះដល់ក្នុងផ្ទះ បង្កឲ្យយុវជន៣នាក់របួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម និងស្លាប់បាត់បង់ជីវិតម្នាក់ នៅតាមផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅខាងជើងវត្តខ្ទរផ្លូវបេតុង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
យុវជនដែលត្រូវក្រុមមជនបង្កកាប់ និងចាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ តុលា អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតនៅខេត្តព្រៃវែង ត្រូវរបួសជាច្រើនកាំបិត ចំស្មាខាងស្តាំ និងចាក់មួយដាវធ្លុះដើមទ្រូង ដេកដួលក្នុងថ្លុកឈាមស្លាប់បាត់នៅតាមផ្លូវ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ចំណែកជនរងគ្រោះទី២ឈ្មោះ ចឹក ចាន់ឌីន អាយុ២៩ធ្វើការនៅគីឡូលេខ៦ ផ្នែកគិតលុយរបួសដៃ និងជើងជាច្រើនកាំបិត សុះសាច់របួសធ្ងន់ និងជនរងគ្រោះទី៣ឈ្មោះ ហេង អាយុ២៥ឆ្នាំ របួសរយះដៃឆ្វេង ចេញដល់ឆ្អឹង និងត្រូវកន្លែងផ្សេងជាច្រើនកាំបិតទៀត ដេកដួលក្នុងថ្លុកឈាមរបួសធ្ងន់ ទាំងពីរនាក់ត្រូវសាច់ញាតិដឹកតាមម៉ូតូកង់បី បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងពីមូលហេតុ ដែលឈានដល់កាប់សម្លាប់គ្នាយ៉ាងព្រៃផ្សៃដូច្នេះថា គឺផ្តើមចេញពីស្រែកអោយគេរឿងជិះម៉ូតូលឿន ។ ហើយមុនឈានដល់ការបើកឆាកកាប់យុវជនរងគ្រោះ គឺក្រុមយុវជនរងគ្រោះមានគ្នា៥ទៅ៦នាក់ បាននាំគ្នាជួបជុំផឹកស៊ី ច្រៀងលេងនៅផ្ទះកើតហេតុខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះថាយាយធូ ជាស្ត្រីម៉េម៉ាយហើយ យុវជនដែលស្លាប់នោះជាសាច់ថ្លៃ មកសុំស្នាក់នៅតែប៉ុណ្ណោះ ។
ប្រភពដដែលបានបន្តទៀតថា ពេលក្រុមជនរងគ្រោះកំពុងផឹកស៊ី និងជជែកគ្នាលេងសប្បាយ នៅមុខផ្ទះជាមួយមិត្តភ័ក្ដិផ្សេងទៀត ក៏មានក្រុមក្មេងទំនើង២ក្រុមជិះម៉ូតូ២គ្រឿងមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨ និងគ្រឿងទៀត ម៉ាកសុងប៊ិចពណ៌ខ្មៅ ពាក់ផ្លាកភ្នំពេញ 1BW-5444 ជិះគ្នា៣នាក់ និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨ មិនមានផ្លាកលេខជិះគ្នា៣នាក់ដូចគ្នា ទាំងអស់មានគ្នា៦នាក់ ហើយមានលាក់ដាវ និងកាំបិតជាប់និងខ្លួនទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងមុខផ្ទះ ជនរងគ្រោះទិសដៅពីជើងទៅត្បូង ឆ្លងកាត់មុខផ្ទះកើតហេតុ ស្រាប់តែក្រុមយុវជនរងគ្រោះ បានស្រែកថាអោយក្រុមជនបង្កថា (ពួកហ្អែងជិះលឿនម៉េសហ្អាប្រញាប់ទៅណា) ហើយក្រុមជនបង្កជិះទៅជិតរបងវត្តខ្ទរក៏ឈប់ម៉ូតូ ដោយខឹងនិងពាក្យស្រែកថាអោយក្រុមជនបង្ក បាននិយាយគ្នាយ៉ាងឮៗថា ត្រលប់ម៉ូតូទៅវិញកាប់ពួក (អាចុយម្រាយនិងម្តង) និយាយហើយក៏បត់ក្បាលម៉ូតូត្រលប់មកវិញ ហើយក្រុមជនបង្កមានគ្នា៤នាក់ ប្រដាប់ដោយដាវនិងកាំបិតគ្រប់ដៃ បានសម្រុកចូលក្នុងកើតហេតុកាំចិញ្ច្រាំ ទៅក្រុមជនបង្ករត់ប្រសាចពេញផ្ទះ ហើយជនរងគ្រោះទាំង៣នាក់នោះ រត់មិនរួចក៏ត្រូវក្រុមជនដៃដល់កាប់ចិញ្ច្រាំដូចសាច់ជ្រូក របួសរយះដៃជើងសុះខ្លួន ដេកដួលក្នុងថ្លុកឈាម ចំណែកយុវជនដែលស្លាប់ឈ្មោះ តុលា ត្រូវក្រុមជនបង្កកាប់ជាច្រើនកាំបិត ហើយថែមទាំងចាក់មួយដាវចំកណ្ដាលដើមទ្រូង ដេកប្រកាច់ក្នុងថ្លុកឈាម និងស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
បន្ទាប់ពីបង្កហេតុ ក្រុមជនដៃដល់បាននាំគ្នារត់ឡើងម៉ូតូវិញ ដោយមានបក្ខពួកគេ២នាក់ នៅចាំបើកម៉ូតូគេចខ្លួន ស្រាប់ហើយក្រុមជនដៃដល់បានជិះរត់គេចខ្លួន ទៅសម្ងំលាក់ខ្លួននៅក្នុងការដ្ឋានសំណង់ បុរីភ្នំពេញផាក ជាកន្លែងពួកគេធ្វើការនៅជិតគ្នា និងកន្លែងកើតហេតុ៕
មតិយោបល់