ព័ត៌មានជាតិ

ជិះម៉ូតូបុកបង្គោលសុវត្ថិភាព បណ្តាលឲ្យស្លាប់ និងរងរបួសមនុស្ស២នាក់

តាកែវ: នៅថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង២០និង១៥នាទី ស្ថិតនៅលើផ្លូវលេខ១៣៤ ក្នុងភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយសារជិះម៉ូតូជ្រុលចង្កូតបុកបង្គោល ចំណាំងសុវត្ថិភាព តាមដងផ្លូវដួលដោយខ្លួនឯង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួស។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាកអ៊ិចសង់ទ័រ ពណ៌ខ្មៅ លាយស ក្រហម គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ ម៉ិញ រដ្ឋណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ នៅភូមិមនោណុប ឃុំជំពូវ័ន ស្រុកជុំគិរីខេត្តកំពត (មិនពាក់មួកសុវត្ថិភាព) ស្លាប់នៅកន្លែងកើតហេតុ មានឌុបមនុស្សម្នាក់ ពីក្រោយឈ្មោះ ហៀង ហ៊ុន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា មុខរបរកសិករ (មិនពាក់មួកសុវត្ថិភាព) រងរបួសស្រាល ដែលបើកបរមកពីទិសខាងត្បូង លុះបើកបរមកដល់ចំណុចខាងលើ ដែលជាចំណុចផ្លូវកោង ក៏ស្រាប់តែជ្រុលចង្កូតទៅបុក នឹងបង្គោលចំណាំងសុវត្ថិភាព នៅពីខាងជើងផ្លូវ បណ្តាលឲ្យដួលខ្លួនឯងតែម្តង ។ អ្នករបួសត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ក្រុងដូនកែវ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានចុះទៅដល់រួចកសាងសំណុំរឿង ទៅតាមនីតិវិធី និងបានប្រគល់សពជូនដល់សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូខាងលើ ត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលសំរោង ។ ករណីខាងលើបណ្តាលមកពីការបើកបរក្នុងល្បឿនលឿន៕

មតិយោបល់