ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសវ័យក្មេងម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ឧបទ្ទវហេតុនេះ កើតឡើងកាល ពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចដើមកកោះ ខាងក្រោយផ្ទះរបស់ខ្លួនចម្ងាយ២៥ម៉ែត្រ ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ប៉ាល់ ប៊ុនធឿន ដើរនិយាយតែឯងៗ ហាក់បីដូចជាបាត់សតិណាមួយ ក្នុងខ្លួនខុសពីធម្មតា ប្រៀបបានដូចជាមនុស្សសរសៃរប្រាសាទ វង្វេងបាត់ស្មារតី គ្មានដឹងខុសត្រូវនោះឡើយ អាណាព្យាបាលរបស់គេមានការងឿងឆ្ងល់ រហូតដល់ថ្ងៃកើតហេតុទើបមានការភ្ញាក់ផ្អើល ។ តាមប្រភពមួយផ្សេងទៀត របស់បងប្អូនក្រុមគ្រួសារជនរងគ្រោះ បាននិយាយថា ជនរងគ្រោះឈ្មោះ ប៉ាល់ ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ទំនងជាដាច់ថ្នាំ ព្រោះកន្លងមកជនរងគ្រោះ ធ្លាប់ប្រើប្រាស់ថ្នាំញៀនជាច្រើនឆ្នាំមកហើយ ។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានឲ្យដឹងថា ដោយលោកទទួលព័ត៌មាន ផ្ទាល់មាត់ពីឈ្មោះ ប៉ាល់ ប៊ុណ្ណា ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិតាលោ ឃុំតាលោ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ ឲ្យដឹងថា កូនបង្កើតរបស់គាត់ឈ្មោះ ប៉ាល់ ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ បានចងកសម្លាប់ខ្លួន នៅចំណុចដើមកកោះខាងក្រោយផ្ទះ ចម្ងាយប្រហែល២៥ម៉ែត្រ ។
ជាមួយគ្នានោះកម្លាំងសមត្ថកិច្ច ក៏បានចុះដល់កន្លែងកើតហេតុ នៅចំណុចប្រឡាយថ្មីផ្ទះរបស់ឈ្មោះ ប៉ាល់ ប៊ុណ្ណា ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ឃើញសាកសពរបស់ឈ្មោះ ប៉ាល់ ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ចងកនឹងខ្សែអង្រឹង ពណ៌ ក្រហម ជាប់នឹងដើមកកោះ កម្ពស់ប្រមាណជា០២ម៉ែត្រ ក្នុងសម្លៀកបំពាក់ អាវដៃវែង ខោជើងវែង ។
ក្រោយពីពិនិត្យឃើញជាក់ស្តែង សមត្ថកិច្ចបានយកខ្សែហ៊ុំព័ទ្ធទីកន្លែងកើតហេតុ ដើម្បីរង់ចាំកម្លាំងជំនាញ និងក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យ ដើម្បីសន្និដ្ឋានចំពោះការស្លាប់របស់ជនរងគ្រោះ ។
បន្ទាប់ពីសមត្ថកិច្ច ក្រុមគ្រូពេទ្យកោសល្យវិច័យ ធ្វើការពិនិត្យសាកសពរួចរាល់ បានបញ្ជាក់អ:អាងថាសាកសពឈ្មោះ ប៉ាល់ ប៊ុនធឿន ពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ដោយរូបគេមានសតិមិនប្រក្រតី សាកសពសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់