ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូឌ្រីមសង់វ៉ារថយន្ត ១គ្រឿង ជ្រុលទៅបុករថយន្តឡង់គ្រីស័របាក់ជើងស្តាំសន្លប់ស្តូក

ភ្នំពេញ: ម៉ូតូឌ្រីមសង់វ៉ារថយន្តមួយគ្រឿងជ្រុលទៅបុករថយន្តឡង់គ្រីស័រមួយគ្រឿងទៀតពេញទំហឹងបាក់ជើងស្តាំសន្លប់ស្តូក។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវអ៊ា១០ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ម៉ូតូម៉ាក ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HH 8481 ជិះដោយយុវជនម្នាក់។
រថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN 6272 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ូតូដែលជិះដោយយុវជនខាងលើ បានជិះតាមបណ្តោយផ្លូវអ៊ា១០ ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ បានវ៉ារថយន្ត ១គ្រឿងទៀត មិនស្គាល់ម៉ាក់ក៏ជ្រុលទៅបុករថយន្តឡង់គ្រីស័រ ដែលកំពុងបើកក្នុងទិសដៅពីលិចទៅកើតពេញទំហឹង បណ្តាលយុវជនខាងលើខ្ទាតចេញពីមូតូប្រហែល ៤ម៉ែត្រ បាក់ជើងស្តាំសន្លប់ស្តូក រីឯម៉ូតូនិងរថយន្តនៅជាប់គ្នា។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ ទាក់ទងរថយន្តមន្ទីពេទ្យកាល់ម៉ែតដឹកទៅសង្គ្រោះ ចំណែកម៉ូតូ និងរថយន្ត សមត្ថកិច្ចជំនាញ ខណ្ឌចុះមកវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់