ព័ត៌មានជាតិ

កាមរីបាឡែន បុករថយន្តធុនធំពេញទំហឹង បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១២និង១៧នាទីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តកាមរីបាឡែន បើកបុករថយន្តធុនធំ១គ្រឿង ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើល ត្រង់ចំណុចមុខស្រាបៀរកម្ពុជា តាមបណ្តោយផ្លូវ២១៧ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្ដកាមរីបាឡែន១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AB.0187 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ២១៧ ទិសដៅពីជើងទៅត្បូង លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ ក៏បត់ឆ្វេងដៃមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តធុនធំ១គ្រឿងទៀតម៉ាក FUSO ក្បាលពណ៌ស លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 3F.2025 បើកបរដោយបុរសម្នាក់ ទិសដៅបញ្រ្ចាសគ្នា បុកពេញទំហឹង បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខ ភ្លាមៗនោះដែរគេឃើញ ម្ចាស់រថយន្តកាមរីបាឡែន បានរងរបួសចេញពីរថយន្ត ទៅព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯង ។ ដោយឡែកម្ចាស់រថយន្តធុនធំ បានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែង យកវត្ថុតាងទៅរក្សាទុក បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់