កំពង់ចាមៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅម៉ោង ១២និង៤០ នាទី សមត្ថកិច្ចទទួលបានព័ត៌មានថា មានអគ្គីភ័យឆេះកំពុងឆាបឆេះឃ្លាំងស្តុកក្រណាត់ មានទំហំប្រហែល ៣០X៤០ ម៉ែត្រ កម្ពស់ ០៦ ម៉ែត្រ ។
ម្ចាស់ឃ្លាំងនិងសម្ភារៈឈ្មោះ រ៉ា វុធ ភេទ ប្រុស អាយុ ៤២ ឆ្នាំ (រស់នៅរាជធានីភ្នំពេញ) ដែលមានទីតាំងទល់មុខរោងចក្រក្ដារបន្ទះ ស្ថិតនៅក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងតាមប្រភពព័ត៌មានបានរាយការណ៍មកថា ក្នុងឃ្លាំងអាចមានសាច់ក្រណាត់ចំនួនប្រហែល ៤០០តោន និងមានផ្ទះប្រជាពលរដ្ឋជាច្រើននៅជិតផងដែរ ។
ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជា ចេញរថយន្តពន្លត់អគ្គិភ័យចំនួន ១១ គ្រឿង មាន រថយន្តពន្លត់អគ្គិភ័យខេត្ត ០៣ គ្រឿង កំពង់សៀម ០១ គ្រឿង ព្រៃឈរ ០២ គ្រឿង បាធាយ ០១ គ្រឿង ជើងព្រៃ ០១ គ្រឿង កងមាស ០១ គ្រឿង ស្ទឹងត្រង់ ០១ គ្រឿង និងចំការលើ ០១ គ្រឿង ចេញអន្តរាគមន៍ជាបន្ទាន់ ។
- កិច្ចប្រតិបត្តិការ ចំណាយអស់រយៈពេលជាង ០៦ ម៉ោង ទើបសមត្ថកិច្ចយើងខ្ញុំអាចគ្រប់គ្រងស្ថានការណ៍បាន ដោយគិតចាប់ពីម៉ោងកើតហេតុ រហូតដល់ម៉ោង ៧និង ២០ នាទីយប់ ទើបអគ្គិភ័យរលត់បានទាំងស្រុង និងពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វនោះឡើយ ។
កិច្ចប្រតិបត្តិការនេះ ត្រូវបានដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ លោកអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម កម្លាំងជំនាញផែនបង្ការ និងពន្លត់អគ្គិភ័យ ដែលដឹកនាំដោយស្នងការរងទទួលផែន កម្លាំងអន្តរាគមន៍ខេត្ត ដឹកនាំដោយស្នងការរងទទួលបន្ទុក កម្លាំងប្រចាំបញ្ជាដឹកនាំស្នងការរងដឹកនាំវេនប្រចាំបញ្ជា កម្លាំងចរាចរណ៍ខេត្ត-ស្រុក និងកម្លាំងអគ្គិភ័យ ដែលអមរថយន្តអគ្គិភ័យពីបណ្ដាស្រុកទាំង៧ កម្លាំងកងរាជអាវុធហត្ថ កម្លាំងសឹករងស្រុក កម្លាំងប៉ុស្ដិ កម្លាំងប្រជាការពារសរុបទាំងអស់ចំនួនប្រមាណ ១៥០ នាក់ ដោយប្រើប្រាស់អស់ទឹកចំនួន ៩៩ ស៊ឺទែន ស្មើនឹង ៤៩៥ម៉ែត្រគូប ។ ទំហំការខូចខាត : ដែលបណ្ដាលមកពីអគ្គិភ័យនេះមាន : ឡេវ៉ាល់ទ័រ ០១ គ្រឿង ឃ្លាំងមានទំហំ ៣០X៤០ ម៉ែត្រ កម្ពស់ ០៦ ម៉ែត្រ និងកំទេចសាច់ក្រណាត់ទំងន់ ៤០០ តោន គិតជាទឹកប្រាក់ ជាង ២០ ម៉ឺនដុល្លា និងសម្ភារមួយចំនួនទៀត ។
មូលហេតុ: បណ្ដាលមកពីភ្លើងព្រៃឆេះរាលដាល ។
បន្ទាប់ពីកិច្ចប្រតិបត្តិការត្រូវបានបញ្ចប់ លោកឧត្តមសេនីយ៍ស្នងការបានឧបត្ថម្ភ ដល់កងកម្លាំងទាំងអស់ មានដូចជា ក្នុងមួយឡានទទួលបាន ប្រេង ៤០ លីត្រ ភេសជ្ជៈ ០២ កេស ថវិកា ៣ ០ ម៉ឺន ព្រមទាំងអាហារសម្រន់ រួមទាំងឡាន និងកម្លាំងអន្តរាគមន៍ផងដែរ គិតជាថវិកាសរុបអស់ចំនួន ០៩ លានរៀល ៕
មតិយោបល់