បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់គេសង្ស័យបើកម៉ូតូពេលយប់ក្នុងល្បឿនលឿន ហើយបានជ្រុលបុករថយន្តធុនធំ១គ្រឿងពីខាងក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់និងបានសម្លាប់នៅកន្លែងកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ខាងត្បូងលានដំឡូងមី ស្ថិតក្នុងភូមិខ្លែងពណ៌ខាងជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះមានមាឌធំដំបង សម្បុរខ្មៅ ស្លៀកខោជើងវែងពណ៌ប្រផេះ ពាក់អាវពណ៌ស្លាទុំ ពាក់មួកសុវត្ថិភាព ពណ៌បៃតង បើកបរម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ជនរងគ្រោះបានបើកម៉ូតូពីជើងទៅត្បូង ពេលមកដល់ចំណុចកើហេតុ A ខាងត្បូងលានដំឡូងមី សង្ស័យបុករថយន្តធុនធំពីក្រោយ បណ្តាលឲ្យជនរងគ្រោះដេកស្លាប់នៅក្នុងថ្លុកឈាម ។
ប្រពដដែលបានបញ្ជាក់ថា៖ មកទល់ពេលនេះសពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញានៅឡើយទេ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តកកោះ-កំណប់ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារឬសាច់ញាតិមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់