ព័ត៌មានជាតិ

រថយន្តដឹកត្រីបើកលឿនទៅបុក រថយន្ត FUSO ពីក្រោយពេញទំហឹង បណ្តាលឲ្យតៃកុង និងព្រូរងរបួសធ្ងន់

ភ្នំពេញៈ តៃកុងនិងព្រូរងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តកូរ៉េ ១តោកន្លះ ដឹកត្រីយ៉ាងលឿនទៅបុករថយន្តធុនធំ ហៅ(5ភ្លៅ)ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ហៅ(មហាវិថីវិមានឈ្នះ ឈ្នះ)ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំម៉ាក FUSO ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-2784​ ជាប្រភេទ រថយន្តសណ្ដោងរ៉ឺម៉ក ស្លាកលេខខាងក្រោយ កំពង់ចាម 4A-0470 បានបើកតាមបណ្ដោយផ្លូវទំនប់កប់ស្រូវហៅផ្លូវមហាវិថីវិមានឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម ខណ:បើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកូរ៉េ ម៉ាក KIA ១តោនកន្លះ ស៊េរីឆ្នាំ២០០៤ ជាប្រភេទរថយន្តដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-9751 បើកបរដោយបុរសម្នាក់រួមដំណើរនិងព្រូម្នាក់ទៀត បើកតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នាយ៉ាងលឿនមកពីក្រោយមកបុករថយន្តធុនធំខាងលើ ពីក្រោយពេញទំហឹង បណ្ដាលឲ្យតែកុងនិងព្រូបានកៀបជាប់រងរបួសធ្ងន់ ភ្លាមៗត្រូវបានពលរដ្ឋ ក៏ដូចរថយន្តសង្គ្រោះមកគាស់យកតែកុងនិងព្រូទៅព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ។ បន្ទាប់មកគេឃើញតៃកុងរថយន្តធុនធំ បាន បើកទ្វារចុះរត់គេចខ្លួនចេញពីកន្លែងកើត ហេតុបាត់ស្រមោល។
ក្រោយមកគេក៏ឃើញខាងភាគីរថយន្តដឹកត្រីមានគ្នាបើករថយន្តមកសាងយកត្រីយកទៅលក់បន្ត ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់