ព័ត៌មានជាតិ

ចុម! រថយន្តក្រុង​ ១គ្រឿង លួច​បង្កប់​ដឹក​គ្រឿង​សិប្បកម្ម​កែ​ច្នៃ​ពាក់កណ្តាល​សម្រេច​ ត្រូវកម្លាំងនគរបាលឃាត់ នៅក្រុងសៀមរាប

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃ​ទី​១៧​ ខែមីនា​ឆ្នាំ​២០២១​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​នៃ​ខេត្តសៀមរាប​ សហការ​គ្នា​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ជីក្រែង​ បាន​ឃាត់​រថយន្តក្រុង​ដែល​បង្កប់​ដឹក​គ្រឿង​សិប្បកម្ម​កែ​ច្នៃ​ពាក់កណ្តាល​សម្រេច​ ជា​ច្រើន​ដុំ​ដែល​មិន​មានច្បាប់​ទម្លាប់​ យក​ទៅ​ត្រួតពិនិត្យ​ ។​

​លោក​វរសេនីយ៍ទោ​ ម៉េ​ង​ សំណាង​ នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​របស់​លោក​ឧត្តមសេនីយ៍ទោ​ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្ត​និង​លោក​ឧត្តមសេនីយ៍ត្រី​ ម៉ក់​ ធា​រ៉ា​ ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ ព្រមទាំង​លោក​វរសេនីយ៍ឯក​ ជ្រិញ​ គឹ​ម​នី​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ បាន​ឲ្យ​លោក​និង​ក្រុមការងារ​ សហការ​ជាមួយ​នគរបាល​ស្រុក​ជីក្រែង​ ធ្វើការ​ឃាត់​រថយន្តក្រុង​ប្រភេទ​៤៥​កៅអី​ យក​មក​ធ្វើការ​ត្រួតពិនិត្យ​ ។​

​លោក​បន្ត​ថា​ រថយន្ត​នេះ​ជា​ប្រភេទ​គ្រឿង​សិប្បកម្ម​ពាក់កណ្តាល​សម្រេច​ ដោយ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​។​លោក​បន្ត​ថា​ រថយន្ត​ដឹកឈើ​នោះ​មាន​ស្លាក​លេខ​ ភ្នំពេញ​ 3C-6161​ បើកបរ​រថយន្តក្រុង​មានឈ្មោះ​ យិ​ន​ ស៊ី​ដែន​ រស់នៅ​ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​

​លោក​បន្ត​ថា​ បន្ទាប់​ពី​ត្រួតពិនិត្យ​រួច​កម្លាំង​នគរបាល​ជំនាញ​បាន​ប្រគល់​ទាំង​វត្ថុ​តាង​ និង​អ្នកបើកបរ​ឲ្យ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជីក្រែង​ ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់