ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោម ៧នាក់ ពាក់ព័ន្ធករណីធាក់ផ្ដួលយកម៉ូតូកម្មកររោងចក្រម្នាក់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ម៉ោង ៦និង១០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា (ធាក់ផ្តួលយកម៉ូតូ) នៅចំណុចទល់មុខក្រសួងសាធារណៈការ ផ្លូវ៥៩៨ ភូមិខ៤ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ម៉ោង ១១និង៤៥នាទី បង្កដោយជនសង្ស័យ ០៧នាក់(គេចខ្លួន ០៥នាក់៖១-ឈ្មោះចិន , ឈ្មោះសី និង០៣នាក់ទៀតមិនស្គាល់ឈ្មោះ) មធ្យោបាយម៉ូតូ០៣គ្រឿង ។

ជនសង្ស័យ ២នាក់រួមមាន៖
១-ឈ្មោះ ស៊ុ ប៊ឺត (ហៅប៊ឺត) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវ២០៤ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន)។
២-ឈ្មោះ សំ សំណាង (ហៅណាង) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) និងបក្ខពួក ០៥នាក់ទៀតគេចខ្លួន បានប្រើអំពើហិង្សាធាក់ផ្តួលម៉ូតូជនរងគ្រោះឲ្យដួលរួចលួចយកម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ1IO-5060 របស់ជនរងគ្រោះឈ្មោះ ឃុត លិ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកឬវ ខណ្ឌឬស្សីកែវ ។

សម្ភារៈបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-4834 របស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់