ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរថយន្តបុក របួសធ្ងន់ និងស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់កំពុងដើរលើផ្លូវត្រូវរថយន្តបុក រងរបួសធ្ងន់បន្ទាប់មកបានស្លាប់នៅមន្ទីរពេទ្យ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០២ទាបភ្លឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែក ទូលពង្រស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ប៊ុន ណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ រស់នៅក្នុងភូមិអូរឬស្សីលើ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមការឲ្យដឹង បុរសរងគ្រោះនៅពេលស្រវឹងស្រាតែងតែដើរលើផ្លូវ ។ នៅយប់កើតហេតុជនរងគ្រោះបានដើរលើផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុករួចបើកគេចខ្លួនបាត់ ចំណែកជនរងគ្រោះរងរបួសធ្ងន់ ត្រូវរថយន្តសង្រ្គោះរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកដីថ្មី តែដោយសាររបួសធ្ងន់ធ្ងរ ជនរងគ្រោះបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់