ព័ត៌មានជាតិ

ប្រយ័ត្នបងប្អូន! រកឃើញ ពពុះសណ្ដែក នំកូនក្មេង ទឹកដោះគោខាប់ មានផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព

សៀមរាបៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងធ្វើការត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ ផ្សារចំនួន ០២កន្លែង (ផ្សារឃុំស្រែណូយ និងផ្សារស្រែណូយ) និងដេប៉ូចែកចាយគ្រឿងឧបភោគបរិភោគធំៗចំនួន ០៣ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមរបស់ទំនិញ នៅលើសម្បកវេចខ្ចប់ផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ប្រមាណ ៨២គីឡូក្រាម រួមមាន៖
– ពពុះសណ្ដែក មានសារធាតុគីមីបូរ៉ាក់ (Borax) ចំនួន ១គីឡូក្រាម
– ភេសជ្ជៈ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១៦២ដប ស្មើនឹង ៦១.៥៥ គីឡូក្រាម
– នំកូនក្មេង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៧២០កញ្ចប់ ស្មើនឹង ១៨ គីឡូក្រាម
– នំដំឡូង ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១០០កញ្ចប់ ស្មើនឹង ២.៥០ គីឡូក្រាម
– ទឹកដោះគោខាប់ ខូចគុណភាព ចំនួន ០៩កំប៉ុង

បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោល ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំ ដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់