ព័ត៌មានជាតិ

មន្ត្រីយោធាស័ក្តិ ៣ម្នាក់ កើតជម្ងឺខ្វះជាតិស្ករ ដេកស្លាប់លើអង្រឹងនៅកន្លែងធ្វើការ ដោយគ្មានអ្នកណាដឹង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដោយមន្ត្រីយោធាម្នាក់បានដេកស្លាប់នៅក្នុងអង្រឹងនៅកន្លែងប៉ុស្តិ៍យាមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ជនរងគ្រោះដែលដេកស្លាប់ឈ្មោះ ជិន ឈុត ឋានន្តរស័ក្តិអនុសេនីយ៍ឯក(ស័ក្តិ៣) ឋានៈជាមេបញ្ជាការរង កងអនុសេនាធំទី២ កងឯកភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដេកស្លាប់លើអង្រឹងនៅកន្លែងប៉ុស្តិ៍យាមត្រួតពិនិត្យទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ដែលក្នុងនោះក៏មានកងកម្លាំងនគរបាលវរសេ​នា​តូចការពារព្រំដែនគោកលេខ៨០៧និងកម្លាំងយោធាប្រមាណជា០៥ទៅ០៦នាក់នៅជាមួយផងដែរ ។ តែករណីនេះគ្មានអ្នកណាបានដឹង លុះព្រឹកឡើងមិនឃើញក្រោកទើបបានដឹង ហើយរាយការណ៍ទៅនគរបាលជំនាញ ក៏ដូចជាគ្រូពេទ្យចុះមកដើម្បីពិនិត្យលើខ្លួនសព ។

ប្រភពដដែលបានបញ្ជាក់ថា៖បើតាមការអះអាងឲ្យដឹងពីក្រុមគ្រួសារសព មុនពេលស្លាប់ប្តីរបស់គាត់បានទៅផ្ទះហើយប្រាប់ថាមិនស្រួលខ្លួនមានអាការៈឈឺក្បាល បន្ទាប់មកគាត់បានកោសខ្សល់ឲ្យ រួចក៏ត្រឡប់មកកន្លែងធ្វើការវិញ លុះព្រឹកឡើងលឺដំណឹងថាប្តីគាត់ស្លាប់ ។

នគរបាលបានបន្តថា៖សពជនរងគ្រោះ គ្រូពេទ្យបានធ្វើការយកសំណាកតេស្តរកមេរោគកូវីត១៩លទ្ធផលអវិជ្ជមាន(-) ។បើពិនិត្យលើដងខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសទេ ។ តាមការអះអាងរបស់គ្រូពេទ្យ បញ្ជាក់ថា មន្ត្រីយោធាដែលស្លាប់នេះគាត់កើតជម្ងឺខ្វះជាតិស្ករ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់