ព័ត៌មានជាតិ

ឪពុកទៅស៊ីឈ្មួលដាក់បង្គោលរបងក្នុងទឹក នាំកូនតូចៗពីរនាក់ទៅជាមួយ បណ្តាលឲ្យលង់ទឹកស្លាប់ទាំងពីរនាក់

សៀមរាប: នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទីថ្ងៃ មានករណីក្មេងលង់ទឹកស្លាប់ចំនួន០២នាក់ បង្កឲ្យមា​នការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចផ្លូវសីហនុ ក្នុងភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ក្មេងរងគ្រោះទាំងពីរនាក់៖១.ឈ្មោះ ប្រុស ហ្វីលីវ ភេទប្រុស អាយុ២ឆ្នាំ៩ខែ, ២.ឈ្មោះ ថា រ៉ាវិច្ឆិកា ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ឪពុកក្មេងទាំង០២នាក់ឈ្មោះ ឡីក ថា អាយុ២១ឆ្នាំ និងឈ្មោះ ឡីក ប្រុស អាយុ២៣ឆ្នាំ បានទៅស៊ីឈ្មួលដាក់បង្កោលរបងក្នុងទឹក ហើយបានយកកូនទៅតាមឲ្យលេងក្បែរៗនោះ ដោយមានអន្លង់ទឹកដែលអ៊ិចស្កាយ កាយធ្វើផ្លូវជម្រៅប្រហែល០១ម៉ែត្រកន្លះ ពេលកំពុងដាក់បង្គោលរបង ក៏បានភ្លេចខ្លួនមើលកូនមួយសន្ទុះ ស្រាប់តែបាត់កូន ភ្លាមៗនោះពួកគាត់បានស្រែកហៅកូនមិនឮ ក៏ងាកមកឃើញកូនលង់ទឹក ក៏បានចុះទៅស្រង់យកកូនរបស់គាត់ទាំងពីរនាក់ មកដាក់លើកគោក ពេលនោះកូនរបស់គាត់ បានដាច់ខ្យល់ស្លាប់ទាំងពីរនាក់ បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថិកិច្ចជំនាញបានចុះទៅធ្វើការពិនិត្យ រួចសន្និដ្ឋានថា ក្មេងរងគ្រោះទាំងពីរនាក់ ពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់