ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូកង់បីរេចង្កូតធ្លាក់ផ្លូវ បុកកន្ទុយរថយន្តកុងតឺន័រ បណ្ដាលឲ្យស្លាប់មួយរំពេច

ព្រះសីហនុៈ នៅវេលាម៉ោង៤និង៥៥នាទីទៀបភ្លឺឈានចូល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូកង់បី(តុកតុក)មួយគ្រឿង បើកបុករថយន្តកុងតឺន័រពីក្រោយ ហេតុការណ៍នេះ កើតឡើងស្ថិតលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតក្នុងភូមិបទគគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អ្នកបើករថយន្តកុងតឺន័រឈ្មោះ គា កាន់ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើកបរ មាទីលំនៅភូមិក្រាំងអំពិល ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបាន នគរបាល ហៅទៅសាកសួរនៅប៉ុស្ត៍រដ្ឋបាលឃុំអូរឧកញ៉ាហេង។
អ្នកបើកម៉ូតូកង់បីឈ្មោះ គឹម សំភាស់ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអ្នកបើកបរ ម៉ូតូកង់បី(តុកតុក) មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញម៉ូតូកង់បី ធ្វើដំណើរពីខេត្តព្រះសីហនុ ទៅភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុ រេចង្កូតធ្លាក់ផ្លូវបុកកន្ទុយកុងតឺន័រ ដែលខូចចតចោលលើផ្លូវ បណ្ដាលឲ្យតៃកុងម៉ូតូកង់បីស្លាប់មួយរំពេច។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់