សៀមរាបៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០២ និង៣០នាទីរសៀល មានករណីភ្ញាក់ផ្អើលមួយកើតឡើង មនុស្សម្នាក់បានដួលដេកស្លាប់នៅក្បែរផ្ទះរបស់ខ្លួន ដោយផឹកស្រាជាប្រចាំ ហើយក្អួតធ្លាក់ឈាមច្រើនដង ព្រមទាំងវង្វេងរត់ ស្ថិតក្នុងភូមិគោកធ្លក ឃុំកណ្តែក ស្រុកបា្រសាទបាគង ខេត្តសៀមរាប ។
សពជនរងគ្រោះឈ្មោះ ប្រាច រ៉ុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ មានស្រ្តីម្នាក់ឈ្មោះ រ៉ង សារ៉ាំ អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានចុះពីលើផ្ទះរបស់ខ្លួន មកដេកលេងនៅលើអង្រឹងក្រោមផ្ទះ រួចគាត់ក៏ក្រឡេកមើលទៅឃើញជនរងគ្រោះ(សាកសព) ដេកផ្ងារពោះ ។ ពេលនោះគាត់ក៏បានដើរទៅឈរមើល ហើយស្រាប់តែឃើញបុរសខាងលើអត់កំរើកដៃជើងនោះទេ ហើយបាត់ដង្ហើមទៀតផង គាត់ក៏រត់ទៅហៅប្ដីរបស់គាត់ ព្រមទាំងអ្នកជិតខាងអោយមកជួយមើល ហើយឃើញថាជនរងគ្រោះ គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ មិនដឹងស្លាប់តាំងពីម៉ោងប៉ុន្មាននោះទេ ។
សូមបញ្ជាក់ថា ជនរងគ្រោះផឹកស្រា អត់ហូបបាយ៣ថ្ងៃមកហើយ ទោះបងប្អូនយកបាយមកអោយក៏គាត់មិនហូបដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ដល់ទីតាំងខាងលើ រួចហើយបានប្រគល់សាកសពជនរងគ្រោះ ជូនទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់