ត្បូងឃ្មុំៈ លោកសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត២គ្រឿង ម៉ាកFUSO ដូចគ្នា បានបុកគ្នាពេញទំហឹង រហូតបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវក្រាលបេតុង ត្រង់ចំណុចមុខជញ្ជីងថ្លឹងដំឡូងរបស់ឈ្មោះ ម៉ក់ ស្ថិតនៅភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ភាគីអ្នកបើកបររថយន្តកែច្នៃមានឈ្មោះ ជី លាម ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិថ្នល់កែង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រួមដំណើរជាមួយកម្មករចំនួន២នាក់ ទី១.ឈ្មោះ ជីម លីន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិថ្នល់កែង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងទី២.ឈ្មោះ វាន្នី ហោ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែង) បានបុកជាមួយនឹងរថយន្តម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1929 បើកបរដោយឈ្មោះ ធឿន សុភី ភេទប្រុស អាយុ៣១ឆ្នាំស្នាក់នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយរថយន្តទាំង២គ្រឿងនេះបើកបរស្របទិសគ្នាពីដារ ទៅព្រំដែនវៀតណាម (ជើង-ត្បូង)។
គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងខណៈដែលរថយន្តកែច្នៃបានជៀសរថយន្តFUSO ដែលឈប់រង់ចាំចូលថ្លឹងដំឡូង ស្របពេលនោះកម្មករចំនួន២នាក់ដែលជិះលើរថយន្តកែច្នៃ បានលោតចុះមកក្រោមកៀបនឹងរថយន្តFUSOដែលឈប់ បណ្តាលឲ្យស្លាប់ និងរបួសតែម្តង។
ក្រោយកើតហេតុ រថយន្តទាំង២គ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់