ព័ត៌មានជាតិ

Update៖ អាណោចអាធ័មណាស់! ជាងម៉ាស៊ីនត្រជាក់ម្នាក់ ជិះម៉ូតូ១គ្រឿង ត្រូវរថយន្តធុនធំបុកពីក្រោយ បណ្តាលឲ្យស្លាប់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកម៉ូតូពីក្រោយ ស្លាប់បុរសម្នាក់ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវលេខ៥៩៨ កែងនឹងផ្លូវបេតុងហ្គ្រែនភ្នំពេញ ក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តក្រឡុកស៊ីម៉ងត៍ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 5A-1750 បើកបរឈ្មោះ សាន សែន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តមានទីលំនៅភូមិសំរោងក្អែ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួលផ្លូវលំ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរម៉ូតូម៉ាក CLICk ពណ៌ក្រហម លាយខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1AW-8049 ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តនិងម៉ូតូបានធ្វើដំណើរស្របទិសគ្នា តាមបណ្តោយផ្លូវបេតុងហ្គ្រែនភ្នំពេញ ក្នុងទិសដៅពីលិចទៅកើត ដោយម៉ូតូបើកខាងមុខរថយន្ត ។ លុះពេលបើកបរ មកដល់ត្រង់ចំណុចកើតហេតុ ជាកន្លែងផ្លូវកែង រវាងផ្លូវបេតុងហ្គ្រែនភ្នំពេញ និងផ្លូវ៥៩៨ រថយន្តបើកខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួលបោកក្បាលស្លាប់បុរសជាជាងម៉ាស៊ីនត្រជាក់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ចំណុចកើតហេតុ ធ្វើការឃាត់តៃកុងរថយន្តបង្ក និងធ្វើលិខិតស្នាមប្រគល់សាកសពជនរងគ្រោះទៅឱ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់