ព័ត៌មានជាតិ

រត់គេចពីកន្លែងធ្វើចត្តាឡីស័កនៅភ្នំពេញ ត្រូវឃាត់បាននៅពោធិ៍សាត់!

បុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ ឃាត់ខ្លួនបាននៅវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រតិបត្តិការខាងលើធ្វើឡើងដោយបានការបញ្ជាផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បើតាមប្រភពពីមន្ត្រីយោធា នៃស្នាក់ការសន្តិសុខ B05 ប្រចាំការនៅខេត្តពោធិ៍សាត់ បានឱ្យដឹងថា បុរសគេចពីការធ្វើចត្តាឡីស័កមានឈ្មោះ មួន សុភាន់ អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនសង្ស័យបានគេចចេញពីភ្នំពេញ មកខេត្តពោធិ៍សាត់ ចំនួន២យប់ និង៣ថ្ងៃ ហើយបានចូលទៅស្នាក់នៅផ្ទះសំណាក់នគរមាស ចំនួន២យប់ នៅបន្ទប់១០១, ចូលទៅស្រស់ស្រូបអាហារនៅភោជនីយដ្ឋាន ឡាំ ស៊ីវអេង, ចូលទៅកាត់សក់នៅហាងពេញចិត្ត ចុងកោះ និងចូលផឹកស៊ីនៅសំនៀងសុខសាន្ត និងអាចចូលទៅកន្លែងផ្សេងៗទៀត។

ប្រភពបានបន្តថា រៀងរាល់ចុះទៅទីតាំងនីមួយៗ គឺមានម៉ូតូឌុបចំនួន២នាក់ ជាអ្នកផ្លាស់ប្តូរគ្នាដឹកជញ្ជូន។ ក្នុងប្រតិបត្តិការស្រាវជ្រាវខាងលើ កម្លាំងចម្រុះក៏បានធ្វើការឃាត់ខ្លួន ម៉ូតូឌុប២នាក់ និងប្រពន្ធម៉ូតូឌុប១នាក់បន្ថែមទៀត ដែលសរុបរួមទាំងជនសង្ស័យមានចំនួន៤នាក់ ដើម្បីមកពិនិត្យសំណាក រងចាំការធ្វើតេស្ត ពិនិត្យជំងឺកូវីដ-១៩ ថាមានវិជ្ជមាន ឬអវិជ្ជមាន។

ចំពោះទីតាំងខាងលើ ដែលជនសង្ស័យនោះទៅ បច្ចុប្បន្នសមត្ថកិច្ច បាននឹងកំពុងហ៊ុព័ន្ធ និងធ្វើការផ្អាកដំណើរការជាបណ្តោះអាសន្ន៕

ប្រភព៖ Fresh News

មតិយោបល់