ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កម្លាំងនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក ដឹកនាំដោយលោក នាយប៉ុស្តិ៍ បានចុះបង្រ្កាបល្បែងស៊ីសង (លេងបៀរ) នៅចំណុចផ្ទះរបស់ឈ្មោះ ឆាន់ រ៉េត ភេទស្រី អាយុ ៥០ឆ្នាំ នៅភូមិអង្កាញ់ ឃុំ មេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៥និង១០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក នាង វុធ បានបញ្ជាក់ឲ្យដឹងថា ដោយមានការចង្អុលការ របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅថ្ងៃទី២៣ ខែមីនា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល មេទឹក បានចុះបង្ក្រាបករណី ល្បែងស៊ីសង (លេងបៀរ) នៅចំណុចខាងលើ ដែលជា លទ្ធផលឃាត់មនុស្សចំនួន ០៧ នាក់ និងវត្ថុតាងរួមមាន បៀរ៥២សន្លឹក កំរាល១ ។ លោកអធិការបានបន្តថា ចំពោះ ករណីនេះ សមត្ថកិច្ចបានធ្វើការអប់រំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក អោយបញ្ឈប់នៅការលេងល្បែងស៊ីសង និងបានអោយពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ ៕
មតិយោបល់