ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តបង្កគ្រោះថ្នាក់ បណ្តាលឲ្យមនុស្សរបួស រួចបើកគេចពីកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៥៦នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសម្នាក់បើកបររថយន្តបង្កគ្រោះថ្នាក់នៅខណ្ឌច្បារអំពៅ បណ្តាលឲ្យមនុស្សរងរបួស រួចបើកគេចចេញពីកន្លែងកើតហេតុ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់បាននៅខណ្ឌមានជ័យ នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាល ក្នុងទឹកដីកើតហេតុ ដើម្បីសួរនាំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្ត១គ្រឿងម៉ាក NISSAN X-TRALL ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BE-2015 បានបើកបរចេញពីកម្មវិធីមួយកន្លែង ។ លុះធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ នៅក្នុងខណ្ឌច្បារអំពៅ បានបង្កគ្រោះថ្នាក់បណ្តាលឲ្យមនុស្សរងរបួស រួចបើកគេចចេញពីកន្លែងកើតហេតុ ទៅដល់ទឹកដីក្នុងខណ្ឌមានជ័យ ទើបកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនម្ចាស់រថយន្តបាន ។

ក្រោយពេលកើតហេតុ ជនបង្កខាងលើរួមទាំងស្រ្តីម្នាក់បងប្អូននឹងគ្នា ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលជាកន្លែងកើតហេតុ ដើម្បីធ្វើការដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់