ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមិនា. ឆ្នាំ២០២១​ ម៉ោង​ ១៥និង៤៥​ នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តនិងម៉ូតូដែលកំពុងធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង​ នៅកំណាត់ផ្លូវជាតិលេខ​១០​ ស្ថិត​ក្នុងភូមិឆាយលូ​ក​ ឃុំអូរសោម​ ស្រុកវាលវែង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងខូចខាតម៉ូតូ១គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះពិនិត្យដល់កន្លែងកើតហេតុ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក​ SHACMAN​ ពណ៌ស ពាក់ស្លាកលេខ​ AT21​ 3-1602​ បើកបរដោយឈ្មោះ​ ធី រតនា ភេទប្រុស​ អាយុ​ ២៦​ឆ្នាំ​ មុខរបរបើកបររថយន្តដឹកដី​ សាងសង់ផ្លូវជាតិលេខ១០​ ស្នាក់​នៅភូមិឃុំខាងលើ​ លុះដល់ចំណុចកើត​ហេតុ​បានបត់ទៅខាងស្តាំដោយគ្មានការប្រុងប្រយ័ត្ន ហើយបានកៀហើយកិនម៉ូតូម៉ាក​ WAVE​ ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ បើកបរ​ដោយឈ្មោះ​ ថន​ ចំរុង​ ភេទប្រុស​ អាយុ​ ៤៦​ឆ្នាំ​ មុខរបរកសិករ​(របួសធ្ងន់​)​បញ្ជូនទៅមន្ទីរពេទ្យខេត្ត​ពោធិ៍សាត់​។

លោកវរសេនីយ៍ទោ ប៊ូ ង៉ែត អធិការរងនគរបាលស្រុកវាលវែងបានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចនគរបាលជំនាញចុះពិនិត្យដល់កន្លែងកើតហេតុរួច បានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើករថយន្តបត់គ្មានការប្រុងប្រយ័ត្ន។

ចំពោះរថយន្តបង្ក និងម៉ូតូត្រូវបានយកមករក្សាទុក​នៅប៉ុស្តិ៍​នគរបាល​រដ្ឋបាលអូរសោម​ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់