ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តកណ្តាល ធ្វើការឆ្លើយបំភ្លឺជូនសាធារណជន ករណីពលរដ្ឋបាត់ម៉ូតូនៅស្រុកអង្គស្នួល

កណ្តាល: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកឈ្មោះ នី សុខគា ដែលបានផ្ញើសារចូលក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា (ពេលបាត់ម៉ូតូនៅសាលាចិនម៉ោង៤និង៦នាទីយប់ រហូតដល់ព្រឹកប្រហែលម៉ោង៧ព្រឹកថ្ងៃ១៩ ខែមីនា ឆ្នាំ២០២១ ខ្ញុំតេសួរមេប៉ុស្តិ៍ដើម្បីប្តឹងគាត់ថាខុសទឹកដីទេ សាលាចិនគឺទឹកដីខេត្តកំពង់ស្ពឺ ចឹងប្រពន្ធខ្ញុំសួរទៅប៉ុស្តិ៍ឬអត់ គាត់ថាទៅ បន្ទាប់មកប្រពន្ធខ្ញុំ និងខ្ញុំក៏ដាក់ពាក្យប្តឹង នៅពេលនោះគាត់សួរខ្ញុំថា មានកាតគ្រីអត់ ខ្ញុំក៏ឲ្យ គាត់ក៏ថតហើយស្លៀកពាក់ និងថាជួយរកទាំងអស់គ្នា មានការអីនិងដំណឹងអីរាយការណ៍មកប៉ុស្តិ៍ ហើយពួកខ្ញុំជូនលុយ៥០$ រហូតថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មិនដែលប្រាប់សួរក៏មិនបាន ប្រពន្ធខ្ញុំតេសួរ បែរគេថាឲ្យវិញ ពួកខ្ញុំចាប់ផ្តើមខ្លាចសូម្បីក្មេង ខ្ញុំក៏ខ្លាច ខ្ញុំដឹងគាត់មិនអើពើ ព្រោះតែខ្ញុំសួរបងម៉ៅនៅសាលាស្រុក) ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានដាក់បទបញ្ជាដល់ផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ដំណាក់អំពិល ដឹកនាំដោយលោកអធិការរង ចុះស្រាវជ្រាវស៊ើបអង្កេត ដល់កន្លែងកើតហេតុ ទទួលបានលទ្ធផលដូចខាងក្រោម៖

ករណីអំពើលួចម៉ូតូ៖ កើតហេតុថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៤និង០៦នាទីទៀបភ្លឺ ។ នៅចំណុចផ្លូវបេតុង ក្រោយសាលារៀនចិនចាស់ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះម្នាក់ឈ្មោះ ប៊ុត កែវ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះសំណាក់ នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាប្រពន្ធឈ្មោះ នី សុខគា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះសំណាក់ នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាក YAMAHA MSLAZ (អិមស្លាស់) ពណ៌ខ្មៅ+ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ 1HB3330 ។
វត្ថុតាងចាប់យក៖ គ្មាន

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ ឈ្មោះ នី សុខគា បានជិះម៉ូតូម៉ាកធូដេ ហើយបានខូចនៅក្បែរកន្លែងកើតហេតុ រួចក៏ផ្ញើទុកមុខផ្ទះឈ្មោះ ពីប ភេទប្រុស នៅភូមិ-ឃុំកើតហេតុ ហើយត្រឡប់ទៅផ្ទះវិញ ។ លុះដល់ថ្ងៃទី១៨.០៣.២០២១ វេលាម៉ោងប្រហែល១០យប់ ឈ្មោះ នី សុខគា បានយកកូនសោទៅជួសជុលម៉ូតូធូដេ ដោយជិះម៉ូតូដែលបាត់ខាងលើទៅ ។ ពេលទៅដល់ឈ្មោះ នី សុខគា បានទុកម៉ូតូនៅមុខផ្ទះឈ្មោះ ពីប ហើយបានជួបឈ្មោះ ណុប និងឈ្មោះ សាន្ត ក៏នាំគ្នាជួយជួស ជុល លុះដល់ម៉ោងប្រហែល៤ទៀបភ្លឺ ថ្ងៃទី១៩.០៣.២០២១ ជួសជុលរួចឈ្មោះ សាន្ត និងឈ្មោះ ណុប ទៅផ្ទះមុន ហើយឈ្មោះ នី សុខគា រៀបចំទៅផ្ទះវិញ ទើបដឹងថាបាត់ម៉ូតូ ។ នៅព្រឹកថ្ងៃទី១៩.០៣.២០២១ ឈ្មោះ នី សុខគា បានរាយការណ៍ទៅប៉ុស្តិ៍ នគរបាលរដ្ឋដំណាក់អំពិល តាមទូរសព្ទ លុះដល់ថ្ងៃទី២២.០៣.២០២១ ទើបដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ។

បញ្ជាក់៖ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែង ធ្វើការស្រាវជ្រាវស៊ើបអង្កេត បន្ទាប់មកឈ្មោះ នី សុខគា បានជូនលុយដល់លោកនាយប៉ុស្តិ៍៥០$ ឧបត្ថម្ភក្នុងការបន្តការស៊ើបអង្កត ។ លោកនាយប៉ុស្តិ៍ពុំបានទារ ឬគាបសង្កត់ ឈ្មោះ នី សុខគាទេ ។

បច្ចុប្បន្ន លោកនាយប៉ុស្តិ៍បានជូនលុយ៥០$ ដល់ជនរងគ្រោះ និងឈ្មោះ នី សុខគា វិញហើយ ។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ កំពុងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់តាមនីតិវិធី ។ អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប ៕

មតិយោបល់