ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអង្គការចៃកាជប៉ុន កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ២០១៦នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ សេចក្តីព្រាងរបាយការណ៍បញ្ចប់ការសិក្សាគ្រោងផែនការមេ កែលម្អប្រព័ន្ធប្រឡាយ លូបង្ហូរទឹកភ្លៀង និងសំណល់រាវក្នុងរាជធានីភ្នំពេញ ក្រោមជំនួនឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការអញ្ជើញចូលរួមពីលោកអៀង អូននី អភិបាលរងរាជធានីភ្នំពេញ លោក អ៊ុយឈីដា តូហ្គូ តំណាងអង្គការចៃកាជប៉ុន អ្នកជំនាញការអង្គការចៃកា មន្ត្រីជំនាញ និងតំណាងស្ថាប័នពាក់ព័ន្ធ ព្រមទាងអាជ្ញាធរដែនដី ជុំវិញសាលារាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនសំណង់នានា។
នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដែលពាក់ព័ន្ធនឹងការបង្ហូរទឹក និងសំណល់រាវ នៅសាលារាជធានីភ្នំពេញនេះ មិនមានវត្តមានខាងរដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ ចូលរួមនោះទេ មិនដឹងមូលហេតុយ៉ាងណា តែតាមការលើកឡើងរបស់លោកអៀង អូននី បានសន្និដ្ឋានថា ប្រហែលជាខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាត់ទុកសិក្ខាសាលាពិគ្រោះយោបល់នេះ មិនមែនជារឿងសំខាន់។
នៅក្នុងសិក្ខាសាលានេះអភិបាលរងរាជធានីភ្នំពេញ លោកអៀង អូននី បានគូសបញ្ជាក់ថា ឆ្លងតាមបទបង្ហាញរបស់អ្នកជំនាញការរបស់អង្គការចៃកា និងការផ្តល់មតិយោបល់អស់រយៈពេលពេញ១ព្រឹកនេះ ឃើញថា ការលើកឡើងក្នុងអង្គសិក្ខាសាលានេះ សុទ្ធតែមានសារៈសំខាន់ ផ្តល់ជាគំនិត ស្ថាបនា ក៏ដូចជាជួយបំពេញបន្ថែមទៀត លើចំណុចខ្វះខាតមួយចំនួន ដែលយើងគិតថា នៅមិនទាន់គ្រប់ជ្រុងជ្រោយ ហើយចំណុចខ្លះក៏ជាការរំលឹកទៅដល់អ្នកបច្ចេកទេស ក្នុងនោះលោកបានចាត់ទុកប្រព័ន្ធគ្រប់គ្រងទឹកស្អុយទឹកភ្លៀងនេះ សម្រាប់រាជធានីភ្នំពេញ ក៏ដូចជាសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល យើងនៅតែមានការខ្វះខាតជាច្រើន បើយើងប្រៀបធៀបទៅនឹងសន្ទុះនៃការអភិវឌ្ឍន៍ និងនៃការកសាង។
លោកអៀង អូននី បានលើកឡើងដែរថា ការសិក្សា និងឯកសារនេះ ក៏មិនសង្ឃឹមថា អាចយកទៅអនុវត្តបានជោគជ័យទេ ព្រោះនេះជាប្លង់មេធំៗ ដែលនៅមិនទាន់អាចឆ្លើយតបតាមតម្រូវការជាក់ស្តែងទៅតាមចំណុចប្រឈមនិមួយៗ នៅតាមសហគមន៍ ឬបុរីនីមួយដែលគេកំពុងធ្វើទេ ដូច្នេះការសិក្សាប្លង់មេនេះ មិនឈរដោយឡែកតែឯងទេ គឺវាទាក់ទងទៅនឹងបទដ្ឋានដទៃទៀត រួមមាន បទដ្ឋាននៃការប្រើប្រាស់ដី ការសាងសង់ ការអភិវឌ្ឍន៍ រួមទាំងការគ្រប់គ្រងសំរាម។ បញ្ហាសំរាម គឺជាបញ្ហាធំ ដែលត្រូវយកចិត្តទុកដាក់ សូម្បីក្នុងឯកសារនេះ រាជរដ្ឋាភិបាលជប៉ុន ក៏បានសម្តែងនូវការព្រួយបារម្ភដែរ នៅលើបញ្ហាសំរាម។
ទាក់ទងនឹងប្រព័ន្ធប្រឡាយបង្ហូរទឹក ទៅអាងស្តុបទឹក គឺខាងជំនាញ និងអាជ្ញាធរដែនដី ត្រូវគិតគូរទប់ទល់ ជាមួយនឹងការចាក់ដីលុប ដើម្បីសាងសង់សំណង់ផ្សេងៗ មកលើប្រព័ន្ធប្រឡាយ ដែលនាំឲ្យបាត់តួរនាទីជាប្រព័ន្ធប្រឡាយ ជាបឹងសម្រាប់ទុកអាងស្តុកទឹក៕
មតិយោបល់