ព័ត៌មានជាតិ

អាសូរណាស់! លោកតាវ័យ ៧០ឆ្នាំម្នាក់ ស្លាប់ក្នុងភ្នក់ភ្លើង ខណៈពេលភ្លើងឆេះព្រៃរាលរត់ចេញមិនរួច នៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលាម៉ោង ១និង២៥នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មានករណីមនុស្សស្លាប់ក្នុងភ្នក់ភ្លើង ខណៈពេលភ្លើងឆេះព្រៃរាលរត់ចេញមិនរួច ហេតុការណ៍នេះ ស្ថិតនៅខាងលិច ភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ពេលភ្លើងកំពុងឆេះសន្ធោរសន្ធៅ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជាច្រើននាក់ បាននាំគ្នាទៅជួយពន្លត់ភ្លើង ក៏ប្រទះឃើញសពជនរងគ្រោះ
ឈ្មោះ អ៊ុក ចយ ភេទប្រុស អាយុ ៧០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានភ្លើងឆេះរោលខ្លោចខ្លួន នៅក្នុងព្រៃស្លាប់យ៉ាងអាណោចអាធ័ម។

បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ ដោយមានការ ចូលរួមសហការពីគ្រូពេទ្យមណ្ឌលសុខភាពជីរោទិ៍ទី២ និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងសន្និដ្ឋានថា សព ពិតជាស្លាប់ដោយសារភ្លើងព្រៃឆេះរាល ខណៈពេលចូលទៅពន្លត់ភ្លើងដែលកំពុងរាលឆេះព្រៃនោះ ដោយមានខ្យល់ខ្លាំងភ្លើងឆាបឆេះរត់គេចពីភ្លើងមិនរួច ។

ក្រោយពីមន្ត្រីជំនាញធ្វើការ ពិនិត្យរួច សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់