ព័ត៌មានជាតិ

នគរបាលខណ្ឌពោធិ៍សែនជ័យ បំបែកសំណុំរឿង កាប់ប្លន់ជនជាតិចិន ឃាត់បានជនសង្ស័យ២នាក់

ភ្នំពេញៈ នគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជារពីឯកត្តម ឧត្តសេនីយ៍ឯក ស ថេត ស្នងការនគរបាលនគរបាលរាជធានីភ្នំពេញ ជំរុញជុំវិញករណី កាប់ប្លន់ជនជាតិចិន លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានអោយជំនាញខណ្ឌ ធ្វើយ៉ាងណាប្រឹងប្រែងស្រាវជាវយ៉ាងយ៉ាងម៉ឺងម៉ាត់ ឈានទៅដល់ការឃាត់ ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងចំណោម៤នាក់ ក្រោយរត់គេចខ្លួនរយៈពេលជិត២អាទិត្យ។

ជនរងគ្រោះឈ្មោះ ចៀន ហ៊ាន់ហ្វឹង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន បានជិះម៉ូតូកង់បីមកពីលក់ស្បែកជើង ត្រឡប់មកផ្ទះជួល ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ របួសក្បាលនិងថ្ងាស ដេរចំនួន៦០ថ្នេរ ។បាត់បង់លុយ៩០០ដុល្លារអាមេរិក លិខិតឆ្លងដែន១សន្លឹក មានលេខ EC05635588 ទូរស័ព្ទដៃចំនួន២ គ្រឿងម៉ាកអាយហ្វូនស៊ិច និងម៉ាកអាយហ្វូនហ្វ័រ។

ជនសង្ស័យទី១មានឈ្មោះ ថន វ៉ាន់ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតស្នាក់នៅ ផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ,ជនសង្ស័យទី២មានឈ្មោះ មុំ ម៉េងលី ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅ ផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ទាំង២នាក់ ឃាត់ខ្លួននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ២រសៀល នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

គួររំលឹកថា កាលពីវេលាម៉ោង ២យប់ឈានចូល នៅថ្ងៃទី២០ ខែធ្នូ ២០១៨ មុនពេលកើតហេតុជនរងគ្រោះបានស្ពាយកាបូបដែលមានលិខិតឆ្លងដែន រួមនិងទឹកប្រាក់៩០០ដុល្លារអាមេរិក ទូរស័ព្ទដៃចំនួន២ គ្រឿងម៉ាកអាយហ្វូនស៊ិចនិងម៉ាកអាយហ្វូនហ្វ័រ ។ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះបានដើរ ចេញពីផ្ទះជួល ដើម្បីដើររកទិញអីហូប ពេលដើរមកដល់ចំណុចផ្លូវបេតុងភូមិចាក់ជ្រូក មុខស្ថានីយ៍ចាក់ប្រេងលីម ឡុង ប្រហែល៣០ ម៉ែត្រ ស្ថិតនៅភូមិកើតហេតុខាងលើស្រាប់តែ មានជនសង្ស័យចំនួន៤នាក់ បានយកដាវមកកាប់ ជនរងគ្រោះ ដណ្ដើមយកកាបូបស្ពាយ របស់ជនរងគ្រោះរួចគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ក៏បានរត់ចូលមកផ្ទះជួលវិញ ដើម្បីអោយមិត្តភក្តិជិះម៉ូតូ កង់បីយកទៅព្យាបាលនៅ ពហុព្យាបាល «ចុងស៊ិនស្ទឹងមានជ័យ» ប៉ុន្តែដោយសារ តែរបួសធ្ងន់ធ្ងរពេក ពហុព្យាបាលចុងស៊ិនស្ទឹងមានជ័យ បានបញ្ជូនទៅ មន្ទីរពេទ្យកាល់ម៉ែត។

រហូតមកដល់ថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៩ នេះ កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលសំរោងក្រោម បានកំណត់មុខសញ្ញា បានច្បាស់ ទើបចុះទៅឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ យកមកសួរនាំតែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្នុងការសាកសួរនិងឃុំខ្លួនជាបណ្តោះអាសន្ន នៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ ដើម្បីស៊ើបសួរបន្តតាមចាប់បក្ខពួកដែលនៅសេសសល់ យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕

មតិយោបល់