(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានបង្គាប់ឱ្យបុគ្គលិកទូតរបស់ខ្លួនដែលមិនមានភារកិច្ចចាំបាច់ចាកចេញពីប្រទេសមីយ៉ាន់ម៉ា ខណៈរបបយោធាកាន់តែ បង្កើនការបង្រ្កាបលើក្រុមបាតុករដោយមិនញ្ញញើតដៃ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ដូច្នេះថា៖ «ក្រសួងការបរទេសអាមេរិកបានសម្រេចចិត្តបង្គាប់ ឱ្យបុគ្គលិកទូតមិនមានភារកិច្ចចាំបាច់ចាកចេញពីភូមា (មីយ៉ាន់ម៉ា) ដោយសារតែបញ្ហាសុវត្ថិភាព និងសន្តិសុខនៃបុគ្គលិករដ្ឋាភិបាលអាមេរិក និងអ្នកដែលស្ថិតនៅក្រោម អាណាព្យាបាលរបស់ពួកគេ»។
កាលពីពាក់កណ្ដាលខែមីនា ក្រសួងការបរទេសអាមេរិកក៏ធ្លាប់បានអនុញ្ញាតផងដែរឱ្យបុគ្គលិកទូតរបស់ខ្លួនដែលមិនមានភារកិច្ចចាំបាច់អាចចាកចេញពីប្រទេសមីយ៉ាន់ម៉ា ដោយស្ម័គ្រចិត្ត។ ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានធ្វើបច្ចុប្បន្នភាពការសម្រេចចិត្តនេះដោយប្ដូរវាទៅ ជាបទបញ្ជាវិញ។
បាតុករកើនលើស ៥២០នាក់ហើយត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបាញ់សម្លាប់ ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈមក។ ក៏ប៉ុន្តែវាមិនបានធ្វើឱ្យសន្ទុះបាតុកម្មតវ៉ាថយចុះនោះទេ ដោយក្រុមបាតុករនៅតែ បន្តធ្វើបាតុកម្មតវ៉ាប្រឆាំងរបបយោធាដដែល ស្របពេលកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិចមួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ាបានសន្យាថានឹងការពារជនស៊ីវិល ពីការសម្លាប់របស់យោធា ដែលនេះកំពុងបង្កឱ្យមានការព្រួយបារម្ភជម្លោះប្រដាប់អាវុធ ឬសង្រ្គាមស៊ីវិលអាចនឹងផ្ទុះឡើង៕
Reuters៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
មតិយោបល់