ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

សៀមរាប: នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត និងរថយន្ត លើផ្លូវជាតិលេខ៦៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២១និង២២ ស្ថិតក្នុងភូមិតាស្រី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បណ្តាលឲ្យមនុស្សស្លាបម្នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្តមួយគ្រឿងម៉ាក ToYoTa CAMRY ស៊េរីឆ្នាំ១៩៩៥ ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2B.7985 បើកបរដោយឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តរ៉េចង្កូតទៅខាងឆ្វេងដៃ
បានទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខបន្ទាយមានជយ័ 3A.1784 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅបញ្រ្ចាសគ្នា ។ នៅពេលកើតហេតុរួច អ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បានចុះរត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះបណ្តាលឲ្យស្លាប់ម្នាក់ឈ្មោះ ចាន់ សុភាព ជាជនរងគ្រោះកំបុតជើងខាងឆ្វេង ធ្វើការនៅពេទ្យបង្អែកស្រុកក្រឡាញ់ និងរងការខូចខាតរថយន្តធ្ងន់២គ្រឿង ។

មូលហេតុ៖ គ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាក TOYOTA CAMRY បើកមានល្បឿនលឿន និងមិនប្រកាន់ស្តាំ ។

ចំណែកវត្ថុតាងរថយន្តទាំងពីរគ្រឿង កម្លាំងជំនាញចរាចរណ៍បានយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់