ព័ត៌មានជាតិ

នារីម្នាក់ឈប់ម៉ូតូនិយាយទូរស័ព្ទ នៅក្បែរចិញ្ចើមផ្លូវ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយ បណ្តាលឲ្យដួលរបួសធ្ងន់

ភ្នំពេញ: នារីម្នាក់បានឈប់ម៉ូតូនៅក្បែរចិញ្ចើមផ្លូវ រួចនិយាយទូរស័ព្ទទៅរកមិត្តភក្តិ ត្រូវរថយន្តស៊េរីទំនើប បុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវ ជាតិលេខ៦អា នៅក្បែរធនាគារហត្ថា ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នារីរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1IL 0205 ។ ចំណែកឯរថយន្តបង្កម៉ាក Lexus LX450d ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BC 6362 បើកបរដោយស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពព័ត៌មានពី សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឈប់ម៉ូតូ នៅក្បែរចិញ្ចើមផ្លូវជាតិលេខ៦អា ដោយម៉ូតូបែរក្បាលមកទិសខាងត្បូង រួចដោះមួកសុវត្ថិភាពចេញពីក្បាល និយាយទូរស័ព្ទទៅមិត្តភក្តិ ដើម្បីរកកន្លែងញ៉ាំអាហារ ខណ:ពេលកំពុងនិយាយទូរស័ព្ទនោះ ស្រាប់តែតៃកុងរថយន្តខាងលើ បើករថយន្តតាមបណ្តោយផ្លូវជាតិលេខ៦ ពីជើងទៅត្បូងនិយាយទូរស័ព្ទបានបន្តិច ក៏អែបស្តាំរកកន្លែងឈប់ តែមិនទាន់បានឈប់ផង ក៏ស្រាប់តែជ្រុលបុកម៉ូតូពីក្រោយ បណ្តាលដួលម៉ូតូបាក់ផ្លាកលេខ ឯមនុស្សបានរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ហៅរថយន្ត ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យ រីឯម៉ូតូនិងរថយន្តសមត្ថកិច្ចយកដាក់ខាង រួចដំណាងជនរងគ្រោះ និងខាងរថយន្តដោះស្រាយគ្នាបញ្ចប់រឿង ដោយភាគីខាងរថយន្តជាអ្នកចេញថ្លៃព្យាល ៕

មតិយោបល់