ព័ត៌មានជាតិ

ថៃមានផែនការចែកចាយវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសក្នុងខែមេសានេះ

 

(បាងកក)៖ រដ្ឋាភិបាលថៃបានប្រកាសពីផែនការចែកចាយវ៉ាក់សាំង COVID-19 នៅទូទាំងប្រទេសនៅក្នុងខែមេសានេះ ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងជូន ប្រជាជនរបស់ខ្លួន។

នៅក្នុងដំណាក់កាលទី១នៃយុទ្ធនាការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២៥ខែមីនា កន្លងទៅ ថៃបានចាក់វ៉ាក់សាំង ១៣៦,១៩០ដូស ជូនប្រជាជនរបស់ខ្លួន ហើយក្នុងចំណោមអ្នកទាំងនេះមាន ១២១,៣៩២នាក់ទទួលវ៉ាក់សាំងដូសដំបូង។

បើតាមក្រសួងសុខាភិបាលថៃ វ៉ាក់សាំងចិន Sinovac ចំនួន ៨សែនដូស នឹងត្រូវបានចែកចាយទៅកាន់បណ្ដាខេត្តទាំងអស់នៅក្នុងប្រទេសថៃដោយចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ នេះ។ នៅក្នុងចំណោមវ៉ាក់សាំងទាំងនេះ មាន៣៥០,០០០ដូសនឹងត្រូវផ្ដល់ជូនខេត្តចំនួន៦ដែលមានអាត្រាឆ្លងខ្ពស់ និង២៤០,០០០ដូស សម្រាប់ខេត្តទេសចរណ៍ចំនួន៨ ព្រមទាំង ៥ម៉ឺនដូសនឹងត្រូវបញ្ជូនទៅកាន់ខេត្តជាប់ព្រំដែនចំនួន៨។ ចំណែកឯវ៉ាក់សាំង ១៦០,០០០ដូសនឹងត្រូវចែកចាយទៅកាន់ខេត្តដែលនៅសល់។

ក្រសួងសុខាភិបាលថៃ នៅក្នុងសប្ដាហ៍នេះ ក៏បានប្រកាសផងដែរពីផែនការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនថៃជាង ៣០លាននាក់ នៅទូទាំងខេត្តចំនួន៧៧ នៅត្រឹមខែសីហាខាងមុខនេះ៕

មតិយោបល់