ព័ត៌មានជាតិ

យុវតីម្នាក់ត្រូវរថយន្តធំបើកកៀរម៉ូតូ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅស្រុកឧដុង្គ

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំបើកកៀរម៉ូតូ។ ឧបទ្ទវហេតុនោះបានកើតឡើងនៅថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០នឹង១០នាទី នៅលើផ្លែជាតិលេខ៥១(១២-១៣) ត្រង់ចំណុចភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រភពពីមន្ត្រីនគរបាលខេត្តបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាក HINO ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-3280 សណ្តោងសឺមីរ៉ឺម៉ក ពណ៌ខៀវ គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកមកដល់ចំណុចខាងលើ បានបើកទៅកៀរ ម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HS-7972 បើកបរដោយឈ្មោះ ជា ចន្ទី ភេទស្រី អាយុ១៩ឆ្នាំ(ស្លាប់) រស់នៅភូមិស្ទឹងថ្មី ឃុំបរិបូរណ៍ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលកំពុងបើកបរស្របទិសគ្នា។

ប្រភពដដែលបន្ថែមថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ បណ្តាលឲ្យគ្រោះថ្នាក់មនុស្សស្លាប់ម្នាក់ និង ខូចខាតសម្ភារចខាតស្រាល រថយន្ត០១គ្រឿង និងម៉ូតូ០១គ្រឿង អ្នកបើកបរ រថយន្តក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់។ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូកំពុងរៀបចំចាត់ចែងដើម្បីយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់