ភ្នំពេញ: ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបដៃពីស្ត្រីម្នាក់ បានសម្រេច ខណៈជនរងគ្រោះ កំពុងជិះម៉ូតូទៅផ្សាររកទិញសម្ភារៈប្រើប្រាស់ ហើយពួកគេបានព្យាយាមបើកម៉ូតូ រត់គេចខ្លួន តែមិនប្រយ័ត្នក៏ទៅបុកជាមួយនិងប៉ារ៉ាស់បិតផ្លូវរបស់អាជ្ញាធរ ហើយក៏ត្រូវឃាត់ខ្លួនបាន ប្រគល់ឲ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យយកទៅសួរនាំ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១និង១០នាទី រសៀលថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុងចូលវត្តតាំងកសាង ភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១មានឈ្មោះ រ៉េត ដេវិត ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ សារ៉ន សក្កិ ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង សែនសុខ។ ម៉ូតូជិះធ្វើសកម្មភាពម៉ាក់ ស៊ុយស៊ីគីនិច ពណ៍សលាយលឿង ពាក់ស្លាកលេខ1W-6630 ។
ចំណែកស្ត្រីរងគ្រោះឈ្មោះ ឈុន លាង អាយុ៤១ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិកើតហេតុ ។
តាមប្រភពបានដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅផ្សារ ដើម្បីទៅទិញសម្ភារៈប្រើប្រាស់ នៅផ្សារតាំងកសាង ដោយធ្វើដំណើរតាមផ្លូវបេតុង ពីត្បូងទៅជើង លុះចេញពីផ្ទះបានបន្តិច ក៏ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមកក្បែរ ធ្វើសកម្មភាពលូកដៃឆក់យកកាបូបពីជនរងគ្រោះ ដែលដាក់នៅឃ្លុប ម៉ូតូខាងឆ្វេងដៃ ។ បន្ទាប់ពីឆក់បានជនសង្ស័យ បានបើកម៉ូតូរត់គេចខ្លួន ហើយត្រូវស្តី្ររងគ្រោះស្រែកឆោឡោ ផ្អើលដល់កម្លាំងសមត្ថកិច្ច ប្រកាសតាមវិទ្យុទាក់ទង ពេលនោះជនសង្ស័យភ័យ បានជិះទៅបុកនឹងប៉ារ៉ាស់របស់អាជ្ញារធរ ដែលបិតខ្ទប់(Lockdown) ក៏ត្រូវឃាត់ខ្លួនបានតែម្តង ។ នៅក្នុងកាបូបស្ត្រីរងគ្រោះ មានលុយ២០០ដុល្លារ និងទូរស័ព្ទដៃ១គ្រឿង។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ បានឲដឹងថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន ហើយធ្លាប់បានធ្វើសកម្មភាព២ដងរួចមកហើយ លើកទី១នៅម្តុំផ្សារដីហុយ ខណ្ឌសែនសុខ លើកទី២ ម្តុំវត្តអង្គតាម៉ិញ ហើយលើកទី៣នេះ ក៏ត្រូវចាប់ខ្លួនតែម្តង មូលហេតុ ដែលពួកគេចេញធ្វើសកម្មភាពលើកទី៣នេះ ព្រោះពួកគេដាច់លុយទិញបាយហូប។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនឡើងតុលាការ ចាត់ការទៅតាមនិតិវិធី៕
មតិយោបល់