ភ្នំពេញៈ កម្មករសំណង់ម្នាក់ បន្ទាប់ពីផឹកស្រារួចចូលដេកព្រឹកឡើងមិនឃើញក្រោក កម្មករដូចគ្នាបានចូលទៅដាស់ ទើបប្រទះឃើញដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពបុរសខាងលើមាន ឈ្មោះ អួន ក្រន អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅដីឡូតិ៍ផ្ទះវីឡាកំពង់សាងសង់ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិត្រពាំងឈូកឃុំជ្រៃទៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សាកសពខាងលើ មានប្រពន្ធនិងមានកូន៣នាក់ក្នុងបន្ទុករស់នៅឯស្រុកកំណើត។
ប្រភពពីក្រុមគ្រួសារសពបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី១៧ ខែកក្កដា ជនរងគ្រោះមានគ្នា៥នាក់អង្គុយផឹកស្រា ស ចំនួន៣លីត្រ រួចក៏នាំគ្នាចូលដេកអស់ទៅ រហូតមកដល់វេលាម៉ោង២រំលងអធ្រាតឈានជូលថ្ងៃទី១៨ ជនរងគ្រោះមានអាការៈមិនស្រួលខ្លួន បានហៅឲ្យកម្មករដូចគ្នាកោសខ្យល់ឲ្យ រួចហើយក៏ចូលសម្រាកបាត់ទៅ ។
ប្រភពដដែលបន្តទៀតថា លុះព្រឹកឡើងវេលាម៉ោង៦និង៣០នាទីទៅហើយ នៅតែមិនឃើញជនរងគ្រោះភ្ញាក់ទៀត ដោយមិនអស់ចិត្ត ក្រុមគ្រួសារស្រែកហៅ ចូលទៅដាស់ ទើបប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ទៅវិញ ។
ក្រោយពីក្រុមគ្រួសារឆោឡោ រាយការណ៍ប្រាប់ទៅសមត្ថកិច្ច ចុះមកពិនិត្យមើលជាក់ស្តែង ឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ហើយក្រុមគ្រួសារក៏មិនប្តឹងផ្តល់អ្វីដែរ សុំតែជួយធ្វើលិខិតមរណភាព រួចរៀបចំធ្វើបុណ្យទៅតាមប្រពៃណី នៅស្រុកកំណើត៕
មតិយោបល់