ជនសង្ស័យ៣នាក់ ធ្វើសកម្មភាពឆក់កាបូប នៅមុខភោជនីយដ្ឋានបឹងទន្សោង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅលើស្ពានគីហ្សូណា
កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៥និង៤០នាទី កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចមុខភោជនីយដ្ឋានបឹងទន្សោង ស្ថិតក្នុងភូមិទន្លេរបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ នៅចំណុចលើស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ជនសង្ស័យរួមមាន៖ ១-ឈ្មោះ ទូច តិ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ, ២-ឈ្មោះ រី បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ, ៣-ឈ្មោះ លី ចាន់ថា ហៅ ឆុយ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ ។ ជនសង្ស័យទាំងបីនាក់ មានទីលំនៅភូមិទួលសំបូរ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
ដកហូតសម្ភារៈវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាក់វ៉េវអាល់ហ្វា ពណ៌ខ្មៅ អត់ផ្លាកលេខ, ទូរសព្ទដៃចំនួន០៣គ្រឿង, កាបូបស្ពាយពណ៌ខ្មៅ០១, ប្រាក់រៀលចំនួន៥០០,០០០រៀល (ប្រាំសែនរៀល), ប្រាក់ដុល្លារចំនួន១២ដុល្លារ (ដប់ពីដុល្លារ) ។
បន្ទាប់មកជនសង្ស័យទាំង០៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកពួកគេ ធ្លាប់ធ្វើសកម្មភាពឆក់កាបូបចំនួន០៤លើក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចំនួន០៣លើក និងនៅភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញបានប្រគល់ជនសង្ស័យទាំង០៣នាក់ខាងលើ ជូនសមត្ថកិច្ចខេត្តត្បូងឃ្មុំ ដើម្បីយកទៅអនុវត្តនីតិវិធីបន្ត តាមបញ្ជា ឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
មតិយោបល់