ព្រះសីហនុៈ រថយន្ត CRV មួយគ្រឿងបើកបរដោយបុរសជនជាតិចិន ក្នុងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តដឹកទូកុងតឺន័រក្នុងទិសដៅស្របគ្នាបណ្តាលឲ្យរថយន្ត CRVខូចខាតផ្នែកក្បាលយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតហេតុនៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ153-154ស្ថិតនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់សិលាដែលបានចុះទៅដល់កើតហេតុបានឲ្យដឹងថា រថយន្តកុងតឺន័រម៉ាកនីសាន់របស់ក្រុមហ៊ុន (តិចស្រ៊ុន) ពណ៌សរលាយខៀវ ពាក់ស្លាកលេខភ្នំពេញ4A-0842។ ចំណែករថយន្ត CRV ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 2X-3588 បើកបរដោយឈ្មោះ លីន ជានភីង ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិចិនរងរបួសស្រាល និងអ្នករួមដំណើរមានឈ្មោះឡាន ហាយ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភ្នំពេញរងរបួសស្រាល។ ក្រោយកើតហេតុអ្នកបើកបររថយន្តកុងតឺន័រ បានចុះរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នរថយន្តទាំងពីរខាងលើ ត្រូវបានកម្លាំងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់