ភ្នំពេញៈ នៅថ្ងៃទី១៤ សីហានេះ តារាសម្ដែងល្បីឈ្មោះ សារ៉ាយ សក្ខណា បានបើកពិធីសម្ពោធហាងថ្មីយ៉ាងអធិកអធមនៅម្ដុំរង្វង់មូលទួលគោក។ ហាងថ្មីរបស់នាង គឺជាប្រភេទហាងកែសម្រស់ ប៉ុន្តែមិនមានសេវាកម្មវះកាត់នោះទេ គឺមានតែការទទួលដាំសក់ ថែរក្សាស្បែក និងលក់ផលិតសម្រស់ជាច្រើនប្រភេទដែលនាងអះអាងថា នាំមកពីប្រទេសថៃ។
នេះជាអាជីវកម្មទ្រង់ទ្រាយខ្នាតធំទី២របស់នាង បន្ទាប់ពីនាងបានបោះទុនបើកហាងអាហារដ្ឋាននៅម្ដុំទួលគោកដូចគ្នា ហើយទទួលបានជោគជ័យមកទល់នឹងពេលនេះ។ សារ៉ាយ សក្ខណា បញ្ជាក់ថា ហាងកែសម្រស់របស់នាងសម្រេចបើកបន្ទាប់ពីនាងទៅដល់អាមេរិក ហើយបានស្គាល់នឹងទាក់ទងអ្នកជំនាញជាជនជាតិអាមេរិក ដែលនាំឲ្យមានការសហការបោះទុននេះឡើង។
នាងគម្រោងនឹងឡើងចុះពីអាមេរិកមកកម្ពុជា ដើម្បីមើលហាងនេះ ប៉ុន្តែបើទោះជានាងមិនបានមកក៏ដោយ ក៏មានអ្នកជំនាញចំនួន៣នាក់ទៀត ដែលចាំមើលការខុសត្រូវ។ នៅក្នុងពិធីសម្ពោធនោះ គេឃើញវត្តមានតារាសិល្បៈ ផលិតករ និងអ្នកជំនួញច្រើនគួរសមបង្ហាញខ្លួន៕
មតិយោបល់