ព័ត៌មានជាតិ

Update៖សមត្ថកិច្ចបំបែកសំណុំរឿងប្តីកំណាចយកសពប្រពន្ធទៅដុតចោលក្នុងព្រៃ រួចរត់មករាយការណ៍ថាបាត់ប្រពន្ធ

សៀមរាបៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ប្តីកំណាចបានដុតសម្លាប់ប្រពន្ធក្នុងព្រៃកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានកម្លាំងនគរបាល ជំនាញខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកស្វាយលើ បានបំបែកសំណុំរឿងនិងឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង០០នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(ត្រូវជាប្ដី) ដែលពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១នឹង១០នាទី នៅចំណុចផ្ទះរបស់ខ្លួន ទៅលើជនរងគ្រោះឈ្មោះ លី កុលាប (ត្រូវជាប្រពន្ធ) អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។

លោកបន្តថា នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យ អេង អឿន បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលថាខ្លួនបាត់ប្រពន្ធកាលពីថ្ងៃទី២៧ មិនដឹងទៅណាមូលហេតុពួកគាត់ឈ្លោះពាក្យសម្តីគ្នា។ ក្រោយទទួលព័ត៌មាន ប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយនឹងប្រជាការពារភូមិ និងប្រជាពលរដ្ឋ ជួយរកឈ្មោះ លី កូលាប ដែលបានបាត់ខ្លួន។ នៅវេលាម៉ោង១០នឹង៣០នាទីថ្ងៃដដែលប្រជាការពារភូមិបានរុករកនៅដីចំការរបស់ជនសង្ស័យស្ថិតនៅខាងក្រោយវិហារព្រះយេស៊ូ ភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ក៏បានឃើញ សាកសពមនុស្សត្រូវបានភ្លើងឆេះសល់តែឆ្អឹង ក្នុងព្រៃល្បាស់ចំណុចខាងលើ។ ដោយហេតុនេះកម្លាំងជំនាញនៃអធិការដ្ឋានសហការជាមួយប៉ុស្តិ៍រដ្ឋបាលកន្ទួតនិងប៉ុស្តិ៍រដ្ឋបាលតាសៀម ចុះដល់កន្លែងសាកសពដែលត្រូវភ្លើងឆេះដើម្បីស្រាវជ្រាវនិងប្រមូលព័ត៌មាន ក្រោយពីមានការឆ្លងយោបល់ពីការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់។ ក្រោមមកឈ្មោះ អេង អឿន ជាជនសង្ស័យខាងលើនាំខ្លួនមកសាកសួរនៅអធិការដ្ឋានរូបគាត់បានសារភាពថាពិតជាបានសម្លាប់ប្រពន្ធរបស់គាត់ពិតប្រាកដមែនដោយមូលហេតុឈានដល់ការសម្លាប់គាត់មានជម្លោះអំពើហិង្សាក្នុងគ្រូសារយូរមកហើយ ដោយគាត់អង្វរប្រពន្ធមិនឲ្យលេងល្បែងបែរជាប្រពន្ធនិយាយថាស៊ូលែងលះប្តីឲ្យតែបានលេងល្បែង ហើយនៅថ្ងៃទី២៧ ខែមេសា ពួកគាត់បានឈ្លោះគ្នាអំពីរឿងប្រពន្ធ រកលក់ដីតែគាត់មិនអោយលក់ព្រោះខ្លាចយកប្រាក់ទៅលេងល្បែង ក៏ឈ្លោះប្រកែកគ្នា ប្រពន្ធបានយកដំបងឈើមកវាយគាត់ ហើយគាត់ចាប់ច្រានផ្ដួលហើយយកដៃសង្កត់ក មុនដំបូងសង្កត់តែដៃម្ខាងទេដោយប្រពន្ធរើបំរាស់រកវាយគាត់ទៀត គាត់ក៏សង្កត់ច្របាច់ក ដោយដៃទាំងពីរផ្ងាពោះរហូតដល់ដាច់ខ្យល់ស្លាប់។ ពេលស្លាប់ហើយគាត់អូសសពទៅដាក់ក្បែរទ្រុងជ្រូកហើយគ្របកៅស៊ូតង់ពណ៌ខៀវពីលើមិនអោយអ្នកណាដឹង គាត់ទុកសាកសពចំនួនពីរយប់គឺយប់ថ្ងៃទី២៧និង២៨ ខែមេសា លុះដល់វេលាម៉ោង០៤នឹង០០នាទីទៀបភ្លឺថ្ងៃទី២៩ ខែមេសា គាត់ដឹកសាកសពនិងគោយន្តកន្រ្តៃយកទៅដុតចោលនៅចំណុចខាងលើដោយមានគំនរអុសនិងប្រេងម៉ាស៊ូតពេលដុតរួចគាត់ត្រឡប់មកផ្ទះវិញមិនប្រាប់អ្នកណាឡើយ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

 

មតិយោបល់