ព័ត៌មានជាតិ

សហភាព​អឺរ៉ុប​ផ្ដល់​ថវិកា​ចំនួន ៦០ ម៉ឺន​អឺរ៉ូ​ដល់​គម្រោង ត្រៀម​បង្ការ​ចំពោះ​គ្រោះទឹកជំនន់​នៅ​កម្ពុជា​

​នាយកដ្ឋាន​ជំនួយ​មនុស្សធម៌​និង​ការពារ ជន​ស៊ីវិល (ECHO) របស់​សហភាព​អឺរ៉ុប​នឹង ផ្ដល់​ទឹកប្រាក់​ចំនួន ៦០ ម៉ឺន​អឺរ៉ូ (​ប្រមាណ​ជា ៨៣២ ០០០ ដុល្លារ​អាម៉េរិក​) ដើម្បី​ជួយ​កាត់ បន្ថយ​ហានិភ័យ​នៃ​ជំងឺឆ្លង តាមរយ​:​ទឹក កខ្វក់ ដែល​កើតឡើង​លើ​កុមារ​កម្ពុជា ដែល​ងាយ​រង គ្រោះ និង​គ្រួសារ​របស់​ពួកគេ​នៅ​អំឡុងពេល និង​ក្រោយពេល​គ្រោះទឹកជំនន់​។​

​គ្រោះ​ទឹកជំនន់​ដែល​កើតមាន​ជា​បន្ដបន្ទាប់ និង​ជា​រៀងរាល់​ឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា បង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​ខេត្ត​ចំនួន ១៩ លើ​ខេត្ត​ទាំង ២៥ នៃ​ប្រទេស​។ នៅក្នុង​ឆ្នាំ ២០១៣ គ្រោះទឹកជំនន់​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា យ៉ាងហោច​ណាស់​ចំនួន ១,៥ លាន​នាក់ ដែល​ក្នុងនោះ​រួម​មាន​ការ​បាត់បង់​ជីវិត ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកស្អាត និង​អនាម័យ (​រួម​មាន​អណ្ដូងទឹក​បរិភោគ ប្រមាណ ១២ ០០០ កន្លែង​) និង​ការបំផ្លិចបំផ្លាញ​ផលដំណាំ និង មុខរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ចុះ​ថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ ២០១៤ ឲ្យដឹងថា មូលនិធិ​របស់​សហភាព​អឺរ៉ុប នេះ​នឹង​ផ្ដល់​លទ្ធភាព​ដល់​អង្គការ​យូ​នី​សេ​ហ្វ ក្នុង​ការជួយ​ពង្រឹង​លទ្ធភាព​ត្រៀម​បង្ការ និង​កសាង​នូវ​ភាព​ធន់​របស់​សហគម​ន៍ នៅតាម​តំបន់ ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់ តាមរយៈ​ការ​បន្សុទ្ធ​ទឹក​ដោយ​ប្រើប្រាស់​សារធាតុក្ល​រីន និង ការ​ស្ដារអណ្ដូង នៅក្នុង​ឃុំ​ចំនួន ៥០ ។ ដើម្បី​ធានា​ឲ្យមាន​ការអនុវ​ត្ដ​សកម្មភាព​ទាំងនេះ​ឲ្យ បាន​គ្រប់គ្រាន់ គម្រោង​នឹង​ផ្ដល់​ការបណ្ដុះបណ្ដាល ដល់​មន្ដ្រី​ថ្នាក់ក្រោម​ជាតិ​ចំនួន ១០០ នាក់ មកពី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ដ​ចំនួន ៥ និង​ការិយាល័យ​ស្រុក​ចំនួន ១៨ ដែល​ស្ថិត​ក្រោម ឱវាទ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​លោកស្រី Rana Flowers តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រ សាសន៍​ថា “​ថវិកា​របស់​សហភាព​អឺរ៉ុប​នេះ នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​យូនី​សេ​ហ្វ​រៀបចំ​សកម្មភាព កម្រិត​ស្ថាប័ន​ក្នុង​ការសម្អាត​អណ្តូង​ឲ្យបាន​ត្រឹមត្រូវ ក្រោយពេល​គ្រោះទឹកជំនន់ និង​កាន់តែ សំខាន់​ជាងនេះទៅទៀត គឺ​ធ្វើ​ការកែសម្រួល​គម្រប​អណ្ដូង និង​លើក​ផ្ទៃ​ជុំវិញ​អណ្តូង​ឲ្យ​ខ្ពស់ និង​ជិត​ល្អ​ជាង​មុន ដើម្បី​កុំឲ្យ​ទឹកជំនន់​អាច​ជ្រាបចូល​អណ្ដូងបា​ន ។ ការធ្វើ​បែប​នេះ​នឹង​ជួយ​ធ្វើ ឲ្យមាន​ភាព​ខុសប្លែក​គ្នា​យ៉ាង​ធំធេង នៅ​ក្នុង​ការកាត់បន្ថយ​ហានិភ័យ ដែល​អាច​កើតមាន ចំពោះ​កុមារ នៅក្នុង​ពេល​ដែល​មាន​គ្រោះទឹកជំនន់​កើតឡើង​។​”

​គម្រោង​ក៏​នឹង​បណ្ដុះបណ្ដាល​មន្ដ្រី​ថ្នាក់​ភូមិ​ចំនួន ៥០០ នាក់​អំពី​របៀប​លើកកម្ពស់ អនាម័យ​មូលដ្ឋាន ដើម្បី​អប់រំ​ដល់​ប្រជាពលរដ្ឋ​តាម គ្រួសារ​ឲ្យ​យល់ដឹង​ពី​សារសំខាន់ នៃ​អ​នា ម័​យ សម្រាប់​បង្ការ​ជំងឺ​នានា​ដូចជា​ជំងឺ​រាករូស​ជាដើម ។ នៅក្នុង​ប្រទេស​កម្ពុជា​មាន​កុមារ ប្រមាណ ២ ៣០០ នាក់​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ បង្ក​ដោយ​ជំងឺ ដែល​គេ​អាច​បង្ការ​បាន​ដូច ជា​ជំងឺ​រាករូស​ជាដើម ។ ការបណ្ដុះបណ្ដាល​នេះ នឹង​មាន​ដាក់បញ្ចូល​ការសាកល្បង​ប្រើប្រាស់ បង្គន់​បណ្ដែត​ទឹក​ចល័ត​បែប​ធម្មជាតិ ដែល​អាច​ស្តុក​លាមក និង​ទឹកនោម​ប្រកប​ដោយ​អ​នា ម័​យ និង​បំ​លែង​ទៅ​ជា​ជីកំ​ប៉ុស្ដិ៍​ក្នុងអំឡុង ពេល​មាន​គ្រោះទឹកជំនន់ ហើយ​ដែល​ក្រោយមក គេ​អាច​យក​មក​វា​មក​ប្រើ​ជា​ជី​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព​។​

​លោក Bernard Jaspers Faijer អ្នក​គ្រប់គ្រង​កម្មវិធី​របស់ ECHO ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​សហភាព​អឹរ៉ុប​ធ្វើ សកម្មភាព នៅពេល​មាន​តម្រូវការ​ជំនួយ​សង្គ្រោះ បន្ទាន់ ។ ប្រទេស​កម្ពុជា ជា​ញឹកញាប់​ទទួលរង​ផលប៉ះពាល់ ពី​គ្រោះមហន្ដរាយ ទឹកជំនន់​។ នៅ ពេល​ដែល​តម្រូវការ​ម​នុស្ស​ធម៌​មាន​កម្រិត​លើស​ពី​សមត្ថភាព​នៅ​មូលដ្ឋាន ដែល​អាច​ផ្តល់ បាន យើង​បាន​ត្រៀម​ខ្លួន រួចជាស្រេច ដើម្បី​ជួយ​ដល់​អ្នក​ដែល​រង​ផលប៉ះពាល់​ដោយសារ គ្រោះមហន្ដរាយ​នានា ។​

​ការងារ​របស់​អង្គការ​យូ​នី​សេ​ហ្វ​មាន​សារសំខាន់​យ៉ាង​ធំធេង ក្នុងការ គាំទ្រ​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ត្រៀម​ខ្លួន​ឲ្យបាន​កាន់តែ​ប្រសើរ​ជាង​មុន ក្នុងការ​ទប់ទល់​នឹង​គ្រោះ ទឹកជំនន់​នាពេល​អនាគត​”​។​

​មូលនិធិ​នេះ ក៏​នឹង​ប្រើប្រាស់​ផង​ដែរ ដើម្បី​បណ្ដុះបណ្ដាល​មន្ដ្រី​ថ្នាក់ក្រោម​ជាតិ​អំពី របៀប​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ប្រកបដោយ ភាព​ច្នៃប្រឌិត ដើម្បី​បញ្ជូន​ព័ត៌មាន​អំពី​ការវាយតម្លៃ ការខូចខាត​អណ្ដូង ដែល​រង​ផលប៉ះពាល់​ដោយ សារ​ទឹកជំនន់​ទៅកាន់ មូលដ្ឋាន​ទិន្នន័យ​ថ្នាក់ ជាតិ ក្នុងអំឡុង និង​ក្រោយពេល​ដែល​មាន​គ្រោះអាសន្ន​កើត​ឡើង ។ ព័ត៌មាន​នេះ​នឹង​ផ្ដល់ឲ្យ រដ្ឋាភិបាល អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​ដទៃទៀត​នូវ​ព័ត៌មាន​សំខាន់ៗ ឲ្យ បាន​ទាន់ពេលវេលា ដូច​ជា​ព័ត៌មាន​អំពី​គ្រួសារ និង​តំបន់​រង​ផលប៉ះពាល់ ដែល​ពុំ​មាន​ទឹក​ស្អាត បរិភោគ ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងនោះ​អាច​ចាត់​វិធានការ​ឆ្លើយតប​ជាបន្ទាន់​បាន​៕
2014-05-23_111311
​ប្រភព​៖ AKP​

មតិយោបល់