ព័ត៌មានជាតិ

Update៖ ផ្ទុះសេខ្សែភ្លើងក្នុងផ្សារ បណ្តាលឲ្យអគ្គិភ័យឆេះតូបអាជីវករ ខូចខាតអស់ចំនួន៥០ នៅខេត្តតាកែវ

តាកែវៈ នៅយប់ថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង២០នាទី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មាន ស្តីពីករណីអគ្គិភ័យឆាបឆេះផ្សារត្រាំកក់ភ្លាម លោកស្នងការបានបញ្ជាដឹកនាំកម្លាំងនគរបាល ការិយាល័យជំនាញបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់អគ្គិភ័យដែលឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្នុងកិច្ចប្រតិបត្តិការជួយសង្រ្គោះនោះដែរ លោកស្នងការប្រើប្រាស់ឡានទឹក ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៣ គ្រឿង ស្រុកត្រាំកក់០១គ្រឿង ស្រុកទ្រាំង០១គ្រឿង ស្រុកសំរោង០១គ្រឿង ស្រុកបាទី០១គ្រឿង ស្រុកអង្គរបុរី០១គ្រឿង ស្រុកព្រៃកប្បាស០១គ្រឿង ស្រុកកោះអណ្តែត០១គ្រឿង ស្រុកគិរីវង់០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ០១គ្រឿង ស្រុកឈូក០១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ០១គ្រឿង សរុបឡានទឹកចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ឡាន ទើបគ្រប់គ្រងស្ថានការបាន ។

តូបដែលអគ្គិភ័យលេបត្របាក់ឆេះអស់ចំនួន៥០ តូបខូចខាតសម្ភារៈទាំងស្រុងចំនួន៣៥តូប ខូចខាតតិចទូចចំនួន១៥តូប (មិនទាន់គិតវាយតម្លៃជាសាច់ប្រាក់បាន និងមិនបណ្តាលឲ្យមានរងរបួសដល់មនុស្សឡើយ) សូមបញ្ជាក់ថាៈ មូលហេតុដែលបណ្ដាយអោយឆេះគឺមកពីផ្ទុះសេខ្សែភ្លើងតូបក្នុងផ្សារ ៕

មតិយោបល់