ស្ត្រីម៉ាលីម្នាក់ បានសម្រាលកូនចំនួន ៩ នៅក្នុងប្រទេសម៉ារ៉ុក កាលពីថ្ងៃអង្គារ ហើយទារកទាំង ៩ និងម្តាយមានសុខភាពល្អ។ នេះតាមការបញ្ជាក់របស់រដ្ឋាភិបាលម៉ាលី ថ្វីបើអាជ្ញាធរម៉ារ៉ុក នៅមិនទាន់បញ្ជាក់អំពីករណីដ៏កម្រនេះនៅឡើយ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលម៉ាលី បានដឹកនាង Halima Cisse អាយុ ២៥ ឆ្នាំ ពីផ្នែកខាងជើងនៃប្រទេសម៉ាលី តាមយន្តហោះទៅកាន់ប្រទេសម៉ារ៉ុក ដើម្បីទទួលការថែទាំឲ្យបានល្អប្រសើរ កាលពីថ្ងៃទី ៣០ ខែមីនា។ ដំបូងគេជឿថា នាងមានទម្ងន់ទារក៧នាក់។
ករណីស្ត្រីពពោះទារកម្តងចំនួន ៧ ជាការកម្រមានណាស់ ហើយការពពោះមានទារក ៩ រឹតតែកម្រមានទៀត។
លោក Rachid Koudhari អ្នកនាំពាក្យក្រសួងសុខភិបាលម៉ារ៉ុក បាននិយាយថា លោកមិនបានដឹងថា មានការសម្រាលទារកម្តងច្រើនបែបនេះ នៅមន្ទីរពេទ្យរបស់ប្រទេសលោកនោះទេ។
ក៏ប៉ុន្តែ ក្រសួងសុខាភិបាលប្រទេសម៉ាលី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាង Cisse បានសម្រាលកូនស្រី ៥ និងកូនប្រុស ៤ ដោយវិធីវះកាត់៕
មតិយោបល់