ចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi មក ពលរដ្ឋបានចេញធ្វើបាតុកម្មប្រឆាំងតវ៉ាជារៀងរាល់ថ្ងៃ ប្រឆាំងនឹងរបបសឹកយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងមានការកើនឡើងនូវអំពើហិង្សាដោយក្រុមសន្តិសុខរបស់មីយ៉ាន់ម៉ា ដែលបានសម្លាប់ជនស៊ីវិលអស់ជាច្រើនរយនាក់ក្នុងពេលកន្លងមក។
រដ្ឋាភិបាលឯកភាពជាតិ បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងថ្មីនេះ នឹងត្រួសត្រាយផ្លូវឱ្យមានការបង្កើត កងទ័ពសហព័ន្ធរបស់សហភាព[មីយ៉ាន់ម៉ា] ដែលមានតួនាទី «ធ្វើការកែទម្រង់ដោយប្រសិទ្ធិភាពនៅក្នុងវិស័យសន្តិសុខ ដើម្បីលុបបំបាត់សង្គ្រាមស៊ីវិលដែលមានរយៈពេល៧០ឆ្នាំកន្លងទៅ»។
សេក្តីថ្លែងការណ៍នេះ បន្ថែមថា កងកម្លាំងការពារថ្មីនេះ មានតួនាទីក្នុងការឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមយោធា និងអំពើហិង្សារបស់ក្រុមប្រឹក្សារដ្ឋបាលរបស់បណ្តារដ្ឋមកលើប្រជាពលរដ្ឋ។
រដ្ឋាភិបាលឯកភាពមីយ៉ាន់ម៉ា ដែលត្រូវបានបង្កើតឡើងកាលពីខែមេសាកន្លងទៅដោយក្រុមផ្សេងៗគ្នាដែលប្រឆាំងទៅនឹងរបបយោធានោះ បានសន្យាថា នឹងបញ្ចប់នូវអំពើហិង្សា ស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងបង្កើតឡើងនូវ «សហភាពប្រជាធិបតេយ្យបែបសហព័ន្ធ» មួយ។
អ្នកនាំពាក្យរបបយោធា មិនបានឆ្លើយតបការហៅទូរស័ព្ទដើម្បីបញ្ជាក់ជុំវិញរឿងនេះនោះទេ។
ហើយរដ្ឋាភិបាលឯកភាពជាតិរបស់ក្រុមប្រឆាំង ក៏មិនបានផ្តល់សេចក្តីលម្អិត ថាតើកងកម្លាំងថ្មីនេះ អាចត្រូវបានរៀបចំ ឬបំពាក់អាវុធដោយរបៀបណានោះទេ ឬថា តើខ្លួននឹងព្យាយាមសម្រេចនូវគោលបំណងរបស់ខ្លួនតាមរបៀបណានោះដែរ៕
មតិយោបល់