ព័ត៌មានជាតិ

បុរសមានជំងឺសរសៃប្រាសាទម្នាក់ បានដុតសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញៈ បុរសម្នាក់ មានជំងឺសរសៃប្រាសាទប្រចាំកាយ ស្រាប់តែដុតខ្លួនឯងស្លាប់នៅក្នុងបន្ទប់ជួល យ៉ាងអណោចអាធ័ម ហេតុការណ៍នេះដែរបានកើតឡើង នៅវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលក្បែររោងចក្រទឹកកក ផ្លូវលំសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ពៅ អូន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរស៊ីឈ្នួលដឹកខ្សែភ្លើង មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យប្រពន្ធមានឈ្មោះ លន ស៊ីណែត អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានកូនចំនួន៣នាក់ ស្នាក់នៅជាមួយគ្នា ។

តាមសម្តីស្ត្រីជាប្រពន្ធ បានអោយដឹងថា ប្តីរបស់គាត់មានជំងឺសរសៃប្រាសាទ ប្រចាំកាយ៥ទៅ៦ឆ្នាំមកហើយ ដោយធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ។ ស្ត្រីជាប្រពន្ធបានបន្តទៀតថា នៅល្ងាចថ្ងៃកើតហេតុ ប្តីរបស់គាត់ (សពជនរងគ្រោះ) បានរករឿងគាត់ជាប្រពន្ធ ដោយយកកាំបិតដេញចាក់ដេញអាកគាត់ ផ្អើលអស់អ្នកផ្ទះជួលម្តងរួចមកហើយ ទើបធ្វើអោយរូបគាត់ជាប្រពន្ធមិនហ៊ានទៅដេកជាមួយ ក៏សម្រេចចិត្តទៅដេកបន្ទប់អ្នកជិតខាង ដែលត្រូវជាសាច់ញាតិ ដោយទុកអោយបុរសជាប្តីដេកនៅតែម្នាក់ឯង ។

លុះដល់ម៉ោងកើតហេតុ រូបគាត់ជាប្រពន្ធក៏មិនដឹងថា ប្តីរបស់គាត់ដុតខ្លួនឯងដែរ តែត្រូវបានអ្នកជិតខាងឃើញមានហ៊ុយផ្សែង ទ្រលោមចេញពីបន្ទប់ជួលក៏ផ្អើលឆោឡោ នាំគ្នាគាស់ទ្វារយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ និងបាញ់ទឹកពន្លត់តែនៅពេលពន្លត់រួច គឺសម្ភារៈនិងម៉ូតូហុងដាឌ្រីម១គ្រឿង ត្រូវឆេះម៉ត់អស់ចំណែកបុរសជាប្តី រងរបួសរលួយរឡេះធ្ងន់ ដេកថ្ងូរនៅក្នុងបន្ទប់តែម្តង ។

ក្នុងករណីនេះបន្តិចក្រោយមក ឃើញមានសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានទាក់ទងហៅរថយន្តសង្គ្រោះ អោយមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ តែមិនមានរថយន្តសង្គ្រោះណា ចេញមកដឹកជនរងគ្រោះនោះទេ គឺទុកអោយជនរងគ្រោះដេកស្រែកថ្ងូរអស់រយៈពេលជិត១ម៉ោង ក៏ដាច់ខ្យល់ស្លាប់ទើបឃើញរថយន្តសង្គ្រោះទៅ២គ្រឿង តែរថយន្តទាំងនោះជារថយន្តចាំដឹកសពទៅវិញ ។ ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅទីនោះ លាន់មាត់គ្រប់ៗគ្នាថា នៅពេលដែលជនរងគ្រោះ ត្រូវការរថយន្តសង្គ្រោះ មិនឃើញមកទទួលនោះទេ ដល់ពេលមនុស្សស្លាប់ហើយ បែរជាមានរថយន្តដឹកសព បំពាក់ស៊ីរ៉ែនមកជ្រោមជ្រែង២ទៅ៣គ្រឿង រង់ចាំទទួលដឹកសព ។

ក្រោយពេលកើតហេតុ បន្ទាប់ពីខាងសមត្ថកិច្ចជំនាញកោសល្យវិច័យ បច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ បានចុះទៅពិនិត្យសពរួចសពក៏បានប្រគល់សព អោយទៅក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី ៕

មតិយោបល់