កំពង់ស្ពឺៈ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២ផ២១ វេលាម៉ោង០៦និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបុកម៉ូតូ បណ្តាលឲ្យបុរស២នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៨៨-៨៩ ត្រង់ចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-8130 សណ្តោងស៊ឺមីរ៉ឺម៉ក់ ពាក់ផ្លាកលេខភ្នំពេញ4A-6780 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីទិសខាងលិច ទៅទិសខាងកើត ។ លុះពេលកបើកបរមកដល់ត្រង់ចំណុចកើតហេតុខាងលើបុកម៉ូតូ០១គ្រឿងដែលបើកបរបញ្រ្ចាសទិសគ្នាម៉ាកវ៉េវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ រីម រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានអ្នករួមដំណើរជាមួយម្នាក់ ឈ្មោះ យ៉ាន់ ឌី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិសែនជ័យ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ទាំងពីរនាក់នៅកន្លែងកើតហេតុ ។ ចំណែកឯតៃកុងរថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលរដ្ឋបាលស្រុកភ្នំស្រួច ដើម្បីស្វែងរកម្ចាស់រថយន្តបង្ក ចូលខ្លួនដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់