ភ្នំពេញៈ បុរសម្នាក់ជាជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះម្នាក់ ត្រូវបានបងប្អូនឃើញទាន់ ចាប់ប្រគល់ឱ្យសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅបន្ទប់ពិគ្រោះជំងឺយីហោ សុខសាន្តព្រៃទា ផ្ទះលេខ 510 ផ្លូវ 88K ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ឃុត ម៉ង់ចំណាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២៦B ភូមិ ក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះឈ្មោះ ស ភ ។
តាមប្រភពព័ត៌មាន នៅវេលាម៉ោង៦ និង៣០ នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះបានទៅបន្ទប់ពិនិត្យជំងឺយីហោ សុខសាន្តព្រៃទា ស្ថិតនៅផ្ទះលេខ 510 ផ្លូវលេខ 88 k ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលជាផ្ទះរបស់បងប្អូន ដើម្បីជួយមើលការខុសត្រូវនៅកន្លែងទទួលភ្ញៀវភ្លាមនោះ ស្រាប់តែមានបុរសជាជនសង្ស័យខាងលើ ដែលធ្លាប់ស្គាល់គ្នាជាមួយជនរងគ្រោះកន្លងមក បានចូលមកក្នុងបន្ទប់ពិនិត្យជំងឺយីហោ សុខសាន្ដព្រៃទា ខាងលើ ដោយជនសង្ស័យមានសភាពស្រវឹងស្រា ក្នុងពេលនោះជនសង្ស័យ បានធ្វើសកម្មភាពចាប់ទាញដៃជនរងគ្រោះ ពីកន្លែងទទួលភ្ញៀវអូសចូលទៅក្នុងបន្ទប់ សម្រាករបស់អ្នកជំងឺដែលគ្មានមនុស្សនៅ រួចជនសង្ស័យបានច្រានជនរងគ្រោះ ឲ្យដួលទៅលើគ្រែ ដែលទុកដាក់អ្នកជំងឺសម្រាក ភ្លាមនោះជនសង្ស័យក៏បានឡើងជិះពីលើជនរងគ្រោះ ដោយយកដៃស្ដាំចាប់បោចសក់ និងដៃឆ្វេងចាប់ដៃស្ដាំ របស់ជនរងគ្រោះ ពេលភ្លាមៗនោះ ជនរងគ្រោះខំរើបម្រះដែរតែរើមិនរួច ស្របពេលនោះក៏មានបងប្អូនរបស់ជនរងគ្រោះ បានចូលមកដល់បន្ទប់កើតហេតុ ឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាព ក៏ស្រែកឆោឡោដល់បងប្អូនជនរងគ្រោះ ដេញចាប់ឃាត់ជនសង្ស័យបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់តែម្ដង ៕
មតិយោបល់