ស្ទឹងត្រែង: ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ស្ថិតក្នុង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណៈដែលសមត្ថកិច្ចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ព្រំដែនកម្ពុជា-ឡាវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ធ្វើចរាចរប្រាក់ដុល្លារក្លែងក្លាយ៣នាក់ ប៉ុន្តែទីបំផុតបែជារឹបអូសបាន ដុល្លារខ្មោចជាង៣ម៉ឺនដុល្លារទៅវិញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើដោយសារតែមានគេរាយការណ៍មកថា ជនសង្ស័យបានដឹកជញ្ជូនលុយដុល្លារក្លែងក្លាយ ។ជនសង្ស័យបានជិះរថយន្តកាម៉រី គូថស្វិត ពណ៌សមួយ គ្រឿង។លុះពេលជនសង្ស័យធ្វើដំណើរមកដល់ចំណុចខាងលើក៍ត្រូវបានសមត្ថកិច្ច ឃាត់និងចាប់តែម្តងទៅ។
ប្រភពបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន៣នាក់ ទី១ឈ្មោះ ស៊ាម ម៉ុង ភេទប្រុស អាយុ៦៤ឆ្នាំ ទី២ឈ្មោះ កេត ចាន់ដេត ភេទប្រុស អាយុ៦១ឆ្នាំ អ្នកទាំង២រស់នៅ ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចំណែក ជនសង្ស័យទី៣ ឈ្មោះ ផែវ មិត្ត ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅសង្កាត់បឹងកក់១ ខ័ណ្ណទួលគោក រាជធានីភ្នំពេញ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើរួចមក សមត្ថកិច្ច ដកហូតបានលុយដុល្លារក្លែងក្លាយចំនួន៣៣២សន្លឹក ស្មើនិង ៣៣២០០ដុល្លារសហរដ្ឋអាមេរិច ហើយបានបញ្ជូនខ្លួនជនសង្ស័យទាំងអស់នោះមកស្នងការដ្ឋាននគរបាលខេត្តទាំងយប់ផងដែរ។ប៉ុន្តែ លុះព្រឹកឡើង ថ្ងៃទី១៤ ខែ ឆ្នាំ ដរដែល ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យលុយនោះយ៉ាងយកចិត្តទុកដាក់ រួចមកឃើញថាលុយទាំងអស់នោះមិនមែនជាលុយ ដុល្លារក្លែងក្លាយ គឺជា លុយដុល្លារខ្មោច សមត្ថកិច្ចក៍បានសម្រេចធ្វើការដោះលែងឲ្យជនសង្ស័យទាំងនោះឲ្យមានសេរីភាពវិញ
ដោយឲ្យពួកគេធ្វើកិច្ចសន្យាត្រឹមត្រូវ៕
មតិយោបល់