ព័ត៌មានជាតិ

ជំនាញនាំខ្លួនម្ចាស់ផ្ទះម្នាក់ ព្រមទាំងរថយន្តដឹកគ្រញូង និងនាងនួន ៣គ្រឿង ទៅតុលាការ

សៀមរាបៈ កាលពីព្រឹកថ្ងៃទី១៤ ខែសីហានេះ កម្លាំងអាវុធហត្ថ និងកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានចាប់រថយន្តដឹកឈើគ្រញូងចំនួន៣គ្រឿងនិង នាំខ្លួនម្ចាស់ផ្ទះមកសួរនាំ ឯអ្នកដឹកឈើរត់គេចខ្លួនបាត់អស់។

លោកម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តទើបមានការឃាត់រថយន្តកាមរីបាឡែនចំនួន២គ្រឿងក្នុងនោះ១គ្រឿងផ្ទុកដឹកឈើគ្រញូងនិង១គ្រឿងទៀតមុខសញ្ញាដឹកឈើនៅក្នុងផ្ទះនោះដែរ។

លោកបន្តថាការបង្ក្រាបនេះធ្វើឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី ១៤ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្បែរវត្តត្រាំនាគ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ រថយន្តដែល ដឹកឈើគ្រញូងនេះ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ២C៣២៥៤ផ្ទុកឈើគ្រញូង១៤២ដុំ ស្មើ៩៤៤គីឡូក្រាម ស្មើ០.៧៨៦មឡែត្រគូប និង១គ្រឿងទៀតមានស្លាកលេខភ្នំពេញ2C 3254 ពណ៌ទឹកប្រាក់។ លោកបន្ថែមថា ម្ចាស់ផ្ទះដែលមិនប្រាប់សមត្ថកិច្ចពីឈ្មោះម្ចាស់ឈើនោះមានឈ្មោះ សុិន សុីណា ភេទស្រីអាយុ២៦ឆ្នាំរស់នៅភូមិឃំុខាងលើ ហើយបច្ចុប្បន្នកំពុងរៀបចំសំណំុរឿងបញ្ជូនខ្លួនទៅទៅតុលាការដើម្បីចាត់ការបន្ត។

ដោយឡែកសមត្ថកិច្ច បញ្ជាក់ថា បន្ទាប់ពីនាំរថយន្តនោះមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីនៅឃំុព្រះដាក់ ស្រាប់តែរថយន្តកាមរីដឹកឈើនាងនួន១គ្រឿងទៀតត្រូវបាន រដ្ឋបាល ព្រៃឈើស្ទាក់ចាប់បាន ឯម្ចាស់រថយន្តរត់គេចបាត់។ បច្ចុប្បន្ននេះរថយន្តដឹកឈើទាំង៣គ្រឿងព្រមទាំងម្ចាស់ផ្ទះត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើកសាងសំណំុរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។

សូមរំលឹកថា ជំនួញឈើគ្រញូងកំពុងដំណើរការឡើងវិញហើយខណៈក្រុមឈ្មួញមានលុយ បានជួលសមត្ថកិច្ច ឡេមឡឺមមួយចំនួនឲ្យជួយរត់ការពីខេត្តឧត្តរមានជ័យឆ្លងកាត់ខេត្តសៀមរាបឆ្ពោះទៅកាន់ទីផ្សារងងឹតយ៉ាងសុខស្រួល តែទោះជាយ៉ាងណាគេក៏ឃើញសមត្ថកិច្ចខេត្តសៀមរាបចាប់បានខ្លះៗដែរ។ ដោយឡែកករណីជំនួញឈើគ្រញូងនេះដែរគេនៅទន្ទឹងរង់ចាំមើលថាតើលោក សេង ប៊ុនតេង មានឋានន្តរៈស័ក្តិវរសេនីយ៍ត្រី មានតួនាទីជាជំនួយការលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំផងនោះដែលត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើសៀមរាបចាប់វាយខ្នោះទៅតាមការបញ្ជាររបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តខណៈពេលដែលជននេះបើកឡានរបស់ខ្លួនកាងឡានដឹកឈើគ្រញូងរារាំងផ្លូវសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើកាលពីថ្ងៃទី០៩ខែសីហាកន្លងទៅនេះ ត្រូវបានគេល្បីថាមានអ្នកចង់មកសូកប៉ាន់ឲ្យនៅក្រៅឃំុ។

ទោះជាយ៉ាងណាគេនៅរង់ចាំមើលចំណាត់ការរបស់ស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យជាអ្នកសម្រេចទៅតាមច្បាប់ទៅចុះ៕

photo_2016-08-14_19-30-40photo_2016-08-14_19-30-48photo_2016-08-14_19-30-52

មតិយោបល់