កណ្តាលៈ ត្រឹមរយៈពេល១២ថ្ងៃប៉ុណ្ណោះ នគរបាលស្រុកកោះធំ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ និងមានបទបញ្ជារដ៏ម៉ឺងម៉ាត់ ពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានចុះប្រតិបត្តិការស្រាវជ្រាវ រហូតបានឃាត់ខ្លួនមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារពីលើកមកហើយ និងបក្ខពួកផ្សេងទៀត រួមនិងថ្នាំញៀនជាង១០០កញ្ចប់ មានកញ្ចប់តូច កញ្ចប់ធំ និងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការណ៍បង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្នុងបរិវេណវត្តពោធិ៍រាម្មា ភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។
លោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ថូ ភារម្យ (ហៅ ព្រំ) ភេទ ប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ។ ទី២.ឈ្មោះ ឡេង ឡឹង ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ។ ទី៣-ឈ្មោះ អ៊ុ សំណាង ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ។ ទី៤-ឈ្មោះ លាភ សុផល ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ ទី៥-ឈ្មោះ ផាន ភ័ណ្ឌ ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ។
លោកអធិការបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងឃុំព្រែកស្តី ទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំបានចុះស្រាវជ្រាវអង្កេតអស់រយៈពេលប្រមាណ១២ថ្ងៃ លើមុខសញ្ញា ដែលជាអ្នកលក់គ្រឿងញៀនដ៏សកម្ម ទើបចេញពីពន្ធនាគារអំឡុងខែតុលា ឆ្នាំ ២០១៦ ទីបំផុត នៅវេលាម៉ោង១និង៣០នាទីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកោះធំបង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ឡេង ឡឹង ភេទ ប្រុស រួមជាមួយគ្រឿងញៀនជាប់ខ្លួនចំនួន១៩កញ្ចប់តូច (ប្រភេទម៉ាទឹកកក)។
តាមការសាកសួរបឋមជនសង្ស័យ ឡេង ឡឹង សារភាពថា គ្រឿងញៀនទាំងអស់នេះ គឺខ្លួនជាអ្នកទទួលលក់ឲ្យមេធំឈ្មោះ ថូ ភារម្យ (ហៅព្រំ) ភេទប្រុស មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្កកណ្ដាល។
បន្ទាប់ពីបានចម្លើយសារភាពនេះ សមត្ថកិច្ចនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដី និងប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានបន្តស្រាវជ្រាវស្វែងរកឈ្មោះ ថូ ភារម្យ ហើយឃាត់ខ្លួនបាននៅវេលាម៉ោង៤និង២០នាទី រួមនឹងកូនចៅគេម្នាក់ទៀតឈ្មោះ អ៊ុ សំណាង (ជាអ្នកកាន់ថ្នាំញៀនលក់ និងជាប្អូនថ្លៃ) ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ថូ ភារម្យ ក្នុងភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រួមជាមួយគ្រឿងញៀនចំនួន៨៧កញ្ចប់ (៩ កញ្ចប់ធំ) និងសម្ភារៈវេចខ្ចប់គ្រឿងញៀនសម្រាប់លក់មួយចំនួនទៀតនៅក្នុងផ្ទះជនសង្ស័យតែម្តង។ រួចសមត្ថកិច្ចបន្តទៅឃាត់ខ្លួនបានជនសង្ស័យ២ នាក់ទៀត ដែលជាអ្នកទិញគ្រឿងញៀនជក់ និងលក់បន្តឲ្យឈ្មោះ ថូ ភារម្យ គឺឈ្មោះ លាភ សុផល និង ផាន ភ័ណ្ឌ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ថូ ភារម្យៈ ថ្នាំញៀនចំនួនទាំង ១០៦ កញ្ចប់ខាងលើនេះ គឺពិតជារបស់រូបគេប្រាកដមែន ហើយឈ្មោះ អ៊ុ សំណាង និង ឡេង ឡឹង គឺជាអ្នកកាន់ថ្នាំញៀនលក់បន្តឲ្យខ្លួន។ ចំពោះជនសង្ស័យ ថូ ភារម្យ (ហៅ ព្រំ) គឺជាមុខសញ្ញាទើបតែដោះលែងចេញពីពន្ធនាគារ កាលពីថ្ងៃ២១ ខែតុលា ឆ្នាំ២០១៦ ដោយជាប់ពីបទជួញដូរគ្រឿងញៀន។
លើសពីនេះ ឈ្មោះ ថូ ភារម្យ (ហៅពុំ ហៅព្រំ ហៅរ៉ុម) ធ្លាប់ជាប់ពន្ធនាគារពីរដងរួចមកហើយ គឺលើកទី១ ខែមីនា ឆ្នាំ២០១២ ជាប់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មានទោស២ឆ្នាំ ជាប់បាន៨ខែ និងភ្ជួរ១៤ខែ។ លើកទី២ ខែតុលា ២០១៣ ជាប់ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានទោស៣ ឆ្នាំ ដោយជាប់បាន១ ឆ្នាំកន្លះនៅពន្ធនាគារតាខ្មៅ រួចក៏ត្រូវផ្ទេរទៅត្រពាំងថ្លុង១ឆ្នាំកន្លះទៀត ព្រោះឆ្មាំគុករកឃើញលក់ថ្នាំញៀនក្នុងពន្ធនាគារតាខ្មៅ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញស្រុកកោះកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់៕
https://youtu.be/r4heScZVzBs
មតិយោបល់