ព័ត៌មានជាតិ

ក្មេងប្រុស ៣នាក់ ចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មានករណីក្មេងលង់ទឹកចំនួន០២លើក បណ្តាលឲ្យកុមារាចំនួន០៣នាក់ បានស្លាប់បាត់បង់ជីវិត នៅស្រុកមោងឬស្សី និងស្រុកសង្កែ។ នៅស្រុកមោងឫស្សី ត្រង់ចំណុចក្រុមទី៥ ភូមិវត្តចាស់ ឃុំតាលាស់ មានករណីក្មេងប្រុសលង់ទឹកស្លាប់ ១នាក់ឈ្មោះ ណាង រតនា ភេទប្រុស អាយុ០៥ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ដោយមូលហេតុក្មេងប្រុសខាងលើបានចុះលេងទឹកស្រះខណ:ពេលឪពុកកំពុងរវល់មិនបានមើលកូន។ ករណីលង់ទឹកទី២ នៅស្រុកសង្កែ ត្រង់ចំនុចភូមិអូរមុនី២ ឃុំអន្លង់វិល បានបណ្តាលឲ្យក្មេងប្រុស២នាក់បានស្លាប់ ១.ឈ្មោះ ឡាយ យ៉ុងបី ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ និង២.ឈ្មោះ វុធ ណាវីន ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ។ តាមការរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសទាំងពីរនាក់ខាងលើបានចុះលេងទឹកស្រះដែលអេះស្កាកាយយកដីជំរៅប្រហែល៩ម៉ែត្រ ទើបបណ្តាលឲ្យលង់ស្លាប់។

ក្រោយពីទទួលបានពត៌មាន កម្លាំងផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះទាំងបីនាក់ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់