ព័ត៌មានជាតិ

ផឹកស៊ីទាស់ពាក្យសម្តី ជនសង្ស័យម្នាក់ ស្ទុះយកកាំបិតកកុកកាប់ជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរបួសធ្ងន់ ហើយដាច់ខ្យល់ស្លាប់តាមផ្លូវ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីករណីឃាតកម្មភ្លាម លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចេញបទបញ្ជាឲ្យកម្លាំងជំនាញ ផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ ចេញប្រតិបត្តិការតាមចាប់ជនសង្ស័យម្នាក់ ។

ជនសង្ស័យឈ្មោះ អិត រ័ត្ន អាយុ៣២ ភេទប្រុស ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១៤រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ពីបទប្រើហិង្សាមានស្ថានទម្ងន់ទោស (ក្លាយជាឃាតកម្ម) កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី នៅចំណុចព្រៃអណ្តូង ស្ថិតនៅភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួចរត់គេចខ្លួនបាត់ ហេតុការណ៍ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ធ្វើការហ៊ុំព័ទ្ធកន្លែងកើតហេតុ ។

របាការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ហុន ទឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានផឹកស៊ីជាមួយជនសង្ស័យឈ្មោះ អិត រ័ត្ន ខណ:នៅពេលស្រវឹងជនរងគ្រោះ បានជេរម្តាយជនសង្ស័យ ឆ្លើយថាឯងជេរម្តាយអញ តិចឥឡូវហ្នឹង ឮដូច្នេះជនរងគ្រោះ ក៏ទាញកង់ជិះទៅយកកាំបិតពីផ្ទះមកកាប់ជនសង្ស័យចំកដៃ២កាំបិត ពេលនោះជនសង្ស័យ បានយកពូថៅកាប់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះបានដួល ខណ:នោះជនសង្ស័យ ក៏ស្ទុះយកកាំបិតកកុកទៅកាប់លើជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់ ហើយជនរងគ្រោះបានស្លាប់តាមផ្លូវ ខណ:ពេលក្រុមគ្រួសារដឹកមកមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

របាយការណ៍បានបន្តថា បន្ទាប់ពីការពិនិត្យសាកសព ដោយក្រុមគ្រូពេទ្យជំនាញកោសល្យវិច្ច័យខេត្ត សហការជាមួយ មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ មន្ត្រីជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងអាជ្ញាធរព្រមទាំងក្រុមគ្រួសារសព នៅវេលាម៉ោង១០និង៤៥នាទីថ្ងៃទី១១ ម្សិលម៉ិញបានសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ហុន ទឿន បានស្លាប់បណ្តាលមកពីការទំនាស់ពាក្យសម្តី ជេរគ្នាទៅវិញទៅមក ពេលផឹកស៊ីស្រវឹងរៀងខ្លួន ហើយឈានទៅរកការប្រើហិង្សា ដែលធ្វើឲ្យជនរងគ្រោះស្លាប់ដោយប៉ះទង្គិចនឹងវត្ថុរឹងមានមុខមុតនឹងមានទម្ងន់ ។

ជនរងគ្រោះស្លាប់លើសពី១២ម៉ោង សាកសពបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯ
ជនសង្ស័យឈ្មោះ អិត រ័ត្ន សមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី១១ ម្សិលមិញឃើញមានរបួសស្នាម២កន្លែងត្រូវដៃ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួន មកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់